ហេតុការណ៍ផ្ទុះថ្មីមួយទៀតនៅស្រីលង្កា ខណៈចំនួនអ្នកស្លាប់កើនដល់៣៥៩នាក់ និងចាប់ខ្លួនជនសង្ស័យកើនដល់៧៥នាក់ហើយ
ស្រីលង្កា៖ សំឡេងផ្ទុះថ្មីមួយទៀតត្រូវបានលាន់ឮចេញពីដីវាលមួយកន្លែង នៅពីក្រោយអគារតុលាការក្នុងទីក្រុង ភូហ្គោដា ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងកូឡុំបូ នេះបើតាមការអះអាងរបស់ប៉ូលិសស្រីលង្កានៅថ្ងៃព្រហស្បត្តិ៍នេះ។
រហូតមកទល់ព្រឹកថ្ងៃព្រហស្បតិ៍តនេះ ជនសង្ស័យសរុប៧៥នាក់កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏អាក្រក់បំផុតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បណ្តាលឲ្យមនុស្ស៣៥៩នាក់បាត់បង់ជីវិត និងប្រមាណ៥០០នាក់ទៀតរងរបួសធ្ងន់-ស្រាល។ បើតាមប៉ូលិសស្រីលង្កា បច្ចុប្បន្នការស៊ើបអង្កេតទៅលើករណីផ្ទុះថ្មីខាងលើនេះ កំពុងតែធ្វើឡើងយ៉ាងបន្ទាន់ ខណៈយន្តហោះដ្រូន ឬយន្តហោះគ្មានមនុស្សបើក ត្រូវបានហាមមិនឲ្យធ្វើការបង្ហោះឡើយនៅទូទាំងប្រទេស។
ករណីផ្ទុះថ្មីនេះទៀតសោតបានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាបានប្រកាសប្រាប់ភ្ញៀវទេសចរនានា កុំឲ្យព្រួយបារម្ភរឿងសន្តិសុខ ព្រោះពេលនេះកងកម្លាំងយោធា និងប៉ូលិសត្រូវបានដាក់ពង្រាយបន្ថែមនៅតាមតំបន់សំខាន់ៗ ដើម្បីការពារសន្តិសុខជារួម។ បើតាមយោធាស្រីលង្កា កងទ័ពជើងគោកបានបង្កើនការដាក់ពង្រាយចំនួនទ័ពពី ១,៣០០នាក់រហូតដល់៦,៣០០នាក់ ហើយកងទ័ពជើងទឹក និងជើងអាកាស ក៏បានដាក់ពង្រាយទ័ពបន្ថែម២,០០០នាក់ផងដែរ ដើម្បីជួយដល់ការតាមប្រមាញ់ជនសង្ស័យដទៃទៀត៕ធ.ដ