ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីគំរាមសម្លាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលច្បារអំពៅ២ កាលពីម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែមេសា ២០១៩ ក្នុងករណីគំរាមសម្លាប់ នៅមុខទីស្នាក់ការភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះខៀវ ជួង ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ មេភូមិ ស្នាក់នៅផ្ទះលេខ០២ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះសយ ថាន់ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានប្រើប្រាស់សារធាតុញៀន)។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៤និង៣០នាទី ជនរងគ្រោះកំពុងធ្វើការនៅក្នុងទីស្នាក់ការភូមិដើមស្លែង (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យដើរមកជិតកាន់កាំបិតប៉័ងតោស្រែកឡូឡា រួចជនរងគ្រោះក៏ចេញទៅសួរថា ម៉េចបាន មកស្រែកឡូឡា នៅទីនេះ? ជនសង្ស័យក៏ជេរប្រមាថ និងយកកាំបិតប៉័ងតោបម្រុងកាប់ជនរងគ្រោះទៀត ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយចាប់ជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។
គួររម្លឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យប្រើកាំបិតប៉័ងតោមកគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះម្តងរួចមកហើយ។ បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ធ.ដ