កិច្ចប្រជុំលើកដំបូងរវាងលោក ពូទីន និងលោក គីម ចាប់ផ្តើមជាផ្លូវការហើយ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាប់ផ្តើមកិច្ចពិភាក្សាទល់មុខគ្នាជាផ្លូវការហើយ នៅក្នុងសាកលវិទ្យាល័យ ហ្វា អេសស្ទឺន ហ្វេដឌើរ៉ល (FEFU) នៅលើកោះ រ៉ាស់ស្គាយ (Russky) ទីក្រុង វ្ល៉ាឌីវ៉ូស្តូក ភាគខាងកើតដាច់ឆ្ងាយរបស់ប្រទេសរុស្ស៊ី ។
នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយកាលពីឆ្នាំ២០១១ ។ជំនួបនេះកើតមានឡើងបន្ទាប់ពីជំនួបកំពូលើកទីពីររវាងលោក ត្រាំ និងលោក គីម បានទទួលបរាជ័យនៅវៀតណាម ។
វិមានក្រឹមឡាំងបានលើកឡើងថា ជំនួបកំពូលនេះ បានចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ហើយកិច្ចពិភាក្សានេះ បានផ្តោតជាចម្បងទៅលើដំណោះស្រាយនយោបាយ និងការទូត សម្រាប់បញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ៕ធ.ដ