កម្ពុជាគ្រោងនឹងចុះហត្ថលេខាក្នុងការនាំអង្ករទៅកាន់ប្រទេសចិន៤០ម៉ឺនតោននៅថ្ងៃ២៧មេសាខាងមុខ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃ២៤មេសាបានឲ្យដឹងថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងចិន ក្រសូងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេត ដែលជាសេនាធិកា បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសារជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ១២មេសាឆ្នាំ២០១៩ លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ពាណិជ្ជកម្មទំនិញអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន។
ក្រោយកិច្ចពិភាក្សាគ្នា ភាគីទាំង២ បានឯកភាពគ្នាលើសេចក្ដីព្រាងអនុស្សរណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកា ខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ ដែលដឹកនាំដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ២៧មេសាឆ្នាំ២០១៩ ខាងមុខ។ សម្រាប់ចំណុចសំខាន់ៗ នៅក្នុងអនុស្សរណៈដែលភាគីទាំង២ បានឯកភាពគ្នា ដោយភាគីចិន យល់ព្រមទិញអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ របស់ប្រទេសកម្ពុជាក្នុងបរិមាណ ៤០ម៉ឺនតោន ចាប់ពីខែសីហាឆ្នាំ២០១៩ ដល់ចុងខែធ្នូឆ្នាំ២០២០។
អនុស្សរណៈនោះនឹងចូល ជាធរមានភ្លាម បន្ទាប់ពីភាគីទាំង២អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូង ដែលបានចុះហត្ថលេខាកាលពីខែមករាឆ្នាំ២០១៨ ស្ដីពីការនាំចូលអង្ករ៣០ម៉ឺនតោន។ ភាគីទាំង២ នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សរណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតឡើង ជាយថាហេតុកំឡុងពេលអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានោះ៕ធ.ដ