គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមវេទិកាសម្ព័ន្ធនៃដៃគូសម្រាប់ការអភិវឌ្ឍបៃតងនៃក្របខណ្ឌគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ដែលរៀបចំឡើងដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន

ចិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមវេទិកាសម្ព័ន្ធនៃដៃគូសម្រាប់ការអភិវឌ្ឍបៃតង នៃក្របខ័ណ្ឌគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI International Green Development Coalituon, BRIGC) ដែលបានប្រារព្ធរៀបចំឡើងដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន។

សហប្រធាននៃវេទិកានេះរួមមានឯកឧត្តរដ្ឋមន្ត្រី Li Ganjie ឯកឧត្តមរដ្ឋមន្ត្រី Masagos Zulkifli (សិង្ហបុរី) ឯកឧត្តម Vidar Helgesen ( ណ័រវេ) និងលោក Andrew Steer (CEO, WRI)។ វេទិកា BRIGC គឺជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងអេកូឡូស៊ី និងបរិស្ថានចិន និងដៃគូរអន្តរជាតិនានា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព (UN 2030 SDGs) និងកិច្ចព្រមព្រៀងក្រុងប៉ារីស (Paris Agreement)។ តាមរយៈវេទិកានេះ កិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមនឹងត្រូវបានជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវវិធានការរួម និងសមាហរណកម្មការងារផងដែរ។

បណ្តាដៃគូបានលើកឡើងពីការងារបន្តដែលត្រូវរួមគ្នាគិត រួមអនុវត្ត ដើម្បីអនាគតទាំងអស់គ្នាដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះថាមពលបៃតង និងការប្រើប្រាស់ដោយប្រសិទ្ធផល ការវិនិយោគនិងហិរញ្ញវត្ថុបៃតង ការលើកកម្ពស់គុណភាពបរិស្ថាន និងទីក្រុងបៃតង ការកសាងសមត្ថភាព ការបង្កើតនូវបច្ចេកវិទ្យាបៃតង ការចែងរំលែកនូវព័ត៌មានបរិស្ថាន និរន្តភាពគមនាគមន៍ អភិបាលកិច្ចលើការងារប្រែប្រួលអាកាសធាតុ និងបទដ្ឋានគតិយុត្តិនានាដែលការពារ និងបន្តលើកកម្ពស់បរិស្ថាន។

ជារួម វេទិកាបានឯកភាពគ្នាបន្តនូវការពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាអនុវត្តនូវវិធានការចម្បងនានា ដើម្បីការអភិវឌ្ឍបៃតង។ ជាមួយនេះដែរ វេទុកាក៏បានជំរុញប្រទេសជាសមាជិកនានាអនុវត្តនូវកម្មវិធីថ្នាក់ជាតិស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងលើកឡើងពីសារសំខាន់មួយចំនួននៃការអនុវត្តសកម្មភាពដោយតម្លាភាពផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner