ទំហំពាណិជ្ជកម្មចិន-វៀតណាមបន្តកើនឡើង ខណៈឆ្នាំមុនមានជិត១០៧ពាន់លានដុល្លារ

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងវៀតណាម បាននិងកំពុងរីកចម្រើន ក្នុងទិសដៅវិជ្ជមាន តាមរយៈការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងនឹងគ្នាទាំងពីរនេះ ដោយគេដឹងថា វៀតណាមកំពុងក្លាយជាទីតាំងអំណោយផលវិនិយោគខ្លាំង សម្រាប់ក្រុមវិនិយោគិនចិន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៥ មេសានេះ។
យោងតាមទីភ្នាក់ងារវិនិយោគបរទេស នៃក្រសួងផែនការនិងវិនិយោគរបស់វៀតណាមបានឲ្យដឹងថា ចិនបានបោះទុនវិនិយោគប្រមាណ១,៦ពាន់លានដុល្លារអាម៉េរិក នៅប្រទេសវៀតណាម ត្រឹម៤ខែដំបូង នៃឆ្នាំ២០១៩នេះ ជាហេតុនាំឲ្យចិនក្លាយជាប្រទេសវិនិយោគធំបំផុតលំដាប់ទី៤ របស់វៀតណាម ក្នុងរយៈពេលនេះ។

ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់វៀតណាម ចាប់តាំងពីឆ្នាំ២០០៤ ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើងខ្លាំង។ បច្ចុប្បន្ននេះ ចិនគឺជាទីផ្សារនាំចូលដ៏ធំលំដាប់ទី២របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាម៉េរិក។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អាស៊ានដែរ ហើយជាប់ចំណាត់ថ្នាក់លេខ៨ លើពិភពលោក។ វៀតណាមក៏ជាប្រទេសទីផ្សារនាំចេញលំដាប់ទី៥ និងនាំចូលលំដាប់ទី៩របស់ចិនដែរ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមថា ទំហំពាណិជ្ជកម្មវៀតណាម និងចិនបានឈានដល់១០៦,៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន កើនឡើង១៣,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ វៀតណាមបាននាំចេញទំនិញតម្លៃ៤១,២៦ពាន់លានដុល្លារអាម៉េរិកទៅចិន កើនឡើង១៦,៥៦ភាគរយ ខណៈដែលចិននាំចូលមកវិញ មានតម្លៃ៦៥,៤៣ពាន់លានដុល្លារ កើនឡើង១១,៦៨ភាគរយ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner