ក្រុមប្រឹក្សាឃុំព្រែកអំបិល និងប្រជាពលរដ្ឋធ្វើលិខិតស្នើសុំដល់សម្តេចក្រឡាហោម ជួយអន្តរាគមន៍ឲ្យមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ព្រែកអំបិល
កណ្តាល៖ ក្រុមប្រឹក្សាឃុំព្រែកអំបិល និងប្រជាពលរដ្ឋធ្វើលិខិតស្នើសុំដល់សម្តេចក្រឡាហោម ជួយអន្តរាគមន៍ឲ្យមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ព្រែកអំបិល ខណៈស្នងការខេត្តកណ្តាលចេញលិខិតបង្គាប់ ការបញ្ឈប់តួនាទីបណ្តោះអាសន្នករណីចោទប្រកាន់បើកឲ្យមានល្បែងជល់មាន់ក្នុងរដូវចូលឆ្នាំ
។ ក្នុងលិខិតនោះ បាននិយាយថា សំណើសុំរក្សាតួនាទីភាករិច្ចរបស់លោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍ព្រែកអំបិល ដើម្បីបំពេញភារកិច្ចនៅរដ្ឋបាលប៉ុស្តិ៍ព្រែកអំបិលដូចដើម។
យោង៖ តាមសកម្មភាពនៃការចុះបង្ក្រាបកន្លែងលួចជល់មាន់ក្នុងមូលដ្ឋានឃុំព្រែកអំបិល កាលពីបុណ្យចូលឆ្នាំនាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ។ សេចក្តីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាឃុំព្រែកអំបិល សូមការអនុញ្ញាតគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ករណីបើកកន្លែងជល់មាន់លួចលាក់ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ដែលសមត្ថកិច្ចថ្នាក់ខេត្តចុះធ្វើការបង្ក្រាបនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ គឺប្រជាពលរដ្ឋមួយចំនួនលួចលាក់ជល់មាន់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលពួកគាត់តែងតែសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យអនុញ្ញាតិពួកគាត់បានលេងពីរ រឺបីថ្ងៃ តែគ្មានសមត្ថកិច្ច និងអាជ្ញាធរណា អនុញ្ញាតិ ឬបើកដៃ ឬកាងឱ្យជល់នោះឡើយ គឺពួកគាត់ចេះតែប្រមូលផ្តុំគ្នាលួចលាក់ជល់ខ្លួនគាត់ទេ។ បើនិយាយពីការទប់ស្កាត់ល្បែងស៊ីសងវិញ គឺកន្លងមក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំ ដែលដឹកនាំដោយលោក អនុសេនីយ៍ទោ ជៃ សំអាត បាននាំកម្លាំងបង្ក្រាបជាញឹកញាប់ក្នុងមូលដ្ឋាន និងរាយការណ៍ ជម្រាបដល់អាជ្ញាធរឃុំជានិច្ច ពិសេសបានសហការ ក្នុងការចុះផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមបណ្តាភូមិ សហគមន៍ សាលាជាច្រើនលើក ច្រើនសារ ក្នុង១ខែ មួយខែ ឃើញថា កិច្ចសហការគ្នាបានល្អប្រសើរ។ ចំណែករឿងថា នាយប៉ុស្តិ៍រូបនេះកាង ឬបើកកន្លែងជល់មាន់ គឺជារឿងមិនពិតនោះឡើយ សូមសម្តេចក្រឡាហោម មេត្តាជ្រាប និងវិនិច្ឆ័យដ៏ខ្ពង់ខ្ពស់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ បច្ចុប្បន្ន នាយប៉ុស្តិ៍ខាងលើត្រូវបានស្នងការនគរបាលខេត្តកណ្តាល ដកតួនាទីមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងនាមយើងខ្ញុំជាក្រុមប្រឹក្សាឃុំព្រែកអំបិលទាំង១១រូប ដែលកើតចេញពីការបោះឆ្នោតដោយគាំទ្រពីប្រជាពលរដ្ឋទូទាំងឃុំ ស្នើសុំសម្តេចក្រឡាហោម មេត្តារក្សាតួនាទី ភារកិច្ចដល់ពួកគាត់បានមកបំពេញភារកិច្ចនៅរដ្ឋបាលប៉ុស្តិ៍ព្រែកអំបិលដូចដើម ដើម្បីសហការបម្រើសន្តិសុខសណ្តាប់ធ្នាប់ ការពារសុវត្ថិភាព និងកិច្ចការរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋបន្តទៀត ព្រោះពួកគាត់ជាមនុស្សល្អ ដែលប្រជាពលរដ្ឋពេញចិត្ត និងគាំទ្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់។ ចំណែកប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណរាប់រយគ្រួសារក៏បានធ្វើលិខិតជម្រាបជូនទៅសម្តេចក្រឡាហោមផងដែរអំពីសកម្មភាពយ៉ាងសកម្មរបស់នាយប៉ុស្តិ៍រូបរូបនេះ បានខិតខំធ្វើការបម្រើពួកគាត់ដែលជាប្រជាពលរដ្ឋនៅឃុំព្រែកអំបិល។ ក្នុងលិខិតនោះបានលើកឡើងថា៖ ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល សូមគោរព និងជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ខ្ញុំបាទ នាងខ្ញុំ ទាំងអស់គ្នា មានកិត្តិយស សូមជម្រាបជូនសម្តេចឱ្យបានជ្រាបថា៖ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ត្រូវបានលោកស្នងការនគរបាលខេត្តកណ្តាល ប្រើអំណាចផ្តាច់ការដោយហៅនាយប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួនមួយយប់មួយថ្ងៃ ដោយចោទប្រកាន់នាយប៉ុស្តិ៍ថា ជាប់ពាក់ព័ន្ធនឹងករណីលួចជល់មាន់ក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩។ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ សូមអះអាងថា លោកនាយប៉ុស្តិ៍ មិនបានជាប់ពាក់ព័ន្ធនឹងករណីលួចជល់មាន់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្នងការបានចេញលិខិតបង្គាប់ការដោយដកតួនាទីលោកបញ្ឈរជើងនៅការិយាល័យបុគ្គលិកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ដូច្នេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ សូមឱ្យសម្តេចជួយរកយុត្តិធម៌ជូនលោកទាំងពីរដោយក្តីអនុគ្រោះផងចុះ។
យើងខ្ញុំទាំងអស់គ្នាគ្មានអ្វីផ្ញើជូនសម្តេចទេ មានតែម្រាមដៃដប់សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេច និងក្រុមគ្រួសារ សូមឱ្យសម្តេចមានអាយុវែង និងកម្លាំងមាំមួនដើម្បីដឹកនាំកម្ពុជា និងយើងខ្ញុំទាំងអស់គ្នាតទៅទៀត និងសូមជួយឱ្យលោកនាយប៉ុស្តិ៍បានវិលត្រឡប់មកកាន់កន្លែងដើមវិញផង។ ពាក់ព័ន្ធនឹងការអនុវត្តដកតួនាទី មហាជនក៏បានលើកឡើងដែរថា ជារឿងមិនតម្លាភាពចំពោះការអនុវត្តបើប្រៀបធៀបចំពោះករណីបង្ក្រាបទីតាំងសង្វៀនជល់មាន់នៅឃុំអរិយក្សត្រ ស្រុកល្វាឯម កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ។ ដោយលើកឡើងថា ការបង្ក្រាបនេះ មិនត្រូវបានថ្នាក់លើដកតួនាទីនាយ នាយរងប៉ុស្តិ៍ និង អធិការ អធិការរងដូចករណីបង្ក្រាបទីតាំងជល់មាន់ដែលប្រជាពលរដ្ឋនិងអាជ្ញាធរឃុំព្រែកអំបិលអះអាងថា គឺជាការលួចលេងជល់មាន់នោះទេ ។ ទីតាំងជល់មាន់ត្រូវបានមហាជននិយាយថា បើកលេងជាច្រើនខែមានទីតាំងជាប់ផ្លូវនៅក្នុងដីឡូលំនៅដ្ឋាន។ ចំណែកការជល់មាន់នៅឃុំព្រែកអំបិលប្រជាពលរដ្ឋ និងអាជ្ញាធរនិយាយថា បានលួចលេងនៅឆ្ងាយពីភូមិរាប់គីឡូម៉ែត្រក្នុងអំឡុងដែលអាជ្ញាធរកំពុងមមាញឹករៀបចំសង្ក្រាន្តឆ្នាំថ្មី ចំណែកនាយប៉ុស្តិ៍ក៏កំពុងមមាញឹកដឹកនាំកម្លាំងធ្វើចរាចរណ៍តាមដងផ្លូវនៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកក្នុងអំឡុងបុណ្យចូលឆ្នាំ៕ម.ន