សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅចូលរួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង រយៈពេល៥ថ្ងៃ
តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ត ០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨៖២០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដោយធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗដទៃទៀតនេះ។ ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។
បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។ ក្នុងកំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ខឺឈាង លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មានការរំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសកលវិទ្យាល័យប៉េកាំង។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ ។
ឥស្សរជនដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាឱកាសនេះ រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ និងសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោកនិងផ្លូវទឹក។ ចិន បានចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន។ លោក ស៊ី ជិនពីង បានប្រកាសពីគម្រោងយុទ្ធសាស្រ្តនេះជាលើកដំបុង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៣។
ក្នុងរយៈពេលត្រឹមតែ០៥ឆ្នាំ BRI បានវិវត្តន៍ខ្លួនពីគំនិតរហូតដល់ក្លាយទៅជាវេទិកាគន្លឹះមួយ ដើម្បីការកសាងសហគមន៍មួយ ដែលមានអនាគតចែករំលែករួមគ្នាសម្រាប់មនុស្សជាតិ និងសម្រាប់ទំនិញសាធារណៈអន្តរជាតិ។ប្រទេសចំនួន១២៦ និងអង្គការអន្តរជាតិចំនួន ២៩ហើយ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន ដើម្បីរួមគ្នាកសាងគម្រោងនេះ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang បានបង្ហើបឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្មសរុបរវាងចិន និងបណ្តាប្រទេសដែលចូលរួមក្នុងគម្រោងផ្តួចផ្តើមនេះ បានកើនលើសពី ០៦ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ខណៈទំហំនៃការបោះទុនវិនិយោគវិញបានកើនហួសពី ៨០ពាន់លានដុល្លារ។ តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រមាណ ៨២កន្លែង ត្រូវបានកសាងឡើងដោយចិន និងប្រទេសពាក់ព័ន្ធ ហើយបានបង្កើតការងារជិត៣០០,០០០កន្លែង។
សម្រាប់កម្ពុជាបានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៦។ ទាំងមន្ត្រី និងអ្នកជំនាញមួយចំនួនទៀតរបស់កម្ពុជា សុទ្ធតែបានលើកសរសើរពីគុណតម្លៃនៃគំនិតផ្តួចផ្តើមនេះ ហើយបានផ្តល់នូវសារប្រយោជន៍ដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ធ.ដ