រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាស្នើឲ្យអង្គការជប៉ុន ជួយផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីជំរុញការនាំចេញ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាស្នើឲ្យអង្គការជប៉ុន ជួយផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីជំរុញការនាំចេញ ។ ការស្នើនោះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ ជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លោក មីយ៉ាវ ម៉ាសាហ៊ីរូ (Miyao Masahiro) នៅព្រឹកថ្ងៃទី២៤មេសានេះ ។
ក្នុងជំនួបនោះ អង្គកា JETRO ជប៉ុនបានបង្ហាញពី គម្រោងបង្កើតព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្ម និងជំនួបធុរកិច្ចរបស់អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នៅក្នុងផ្សារទំនើបអ៊ីអន (AEON) រាជធានីភ្នំពេញ នាដើមខែតុលាខាងមុខ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញការ វិនិយោគបន្ថែមពីប្រទេសជប៉ុន។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើប្រធានអង្គការ JETRO ជួយសិក្សាអំពីលទ្ធភាពកែច្នៃ និងអភិវឌ្ឍន៍ផលិតផលខ្មែរ នៅតាមបណ្តារាជធានី ខេត្តក្នុងប្រទេសកម្ពុជា និងប្រមូលផលិតផលដែលមានសក្តានុពលទាំងអស់ ធ្វើការដាក់លក់ និងបង្ហាញជូនសាធារណៈជន ក៏ដូចជាវិនិយោគិនជប៉ុន នៅក្នុងផ្សារទំនើប AEON ទាំងពីរសាខា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម អេឡិចត្រូនិក (E-Commerce) ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ ស្របតាមនិន្នាការពិភពលោក និងបានស្នើប្រធានអង្គការ JETRO ធ្វើការសហការជាមួយ ផ្សារទំនើប AEON ដើម្បីជាបង្កើតវេទិកា ឬកម្មវិធីដោះដូរទំនិញតាមប្រព័ន្ធអ៊ិនធើណេត ក៏ដូចជាបញ្ជរលក់ និងចែកចាយផលិតផលខ្មែរ ទៅកាន់អតិជនគោលដៅឱ្យ បានទូលំទូលាយ។ លោក មីយ៉ាវ ម៉ាសាហ៊ីរូ បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងបានតែងគាំទ្រប្រតិបត្តិការរបស់អង្គការ JETRO នៅកម្ពុជា រយៈពេលជាង ៩ឆ្នាំនេះ។
លោកប្រធានអង្គការ JETRO បានសន្យាដឹកនាំ និយោគិនជប៉ុន ចូលរួមព្រឹត្តិការណ៍ភូមិ១ ផលិតផល១ របស់កម្ពុជា និងព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្ម និងជំនួបធុរកិច្ច នៅផ្សារទំនើប AEON ដើម្បីស្វែងយល់អំពីសក្តានុពល ផលិតផលខ្មែរ និងឱកាសធ្វើធុរកិច្ចនៅកម្ពុជា។ លោក មីយ៉ាវ ម៉ាសាហ៊ីរូ ក៏បានស្នើសុំ លោករដ្ឋមន្ត្រី ធ្វើវិសោធនកម្មអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអង្គការ JETRO និងក្រសួងពាណិជ្ជកម្មឡើងវិញ ដោយបញ្ចូលបន្ថែមនូវផែនការអាជីវកម្មថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ៕ធ.ដ