មន្ដ្រីសាខាកាំកុងត្រូល ខេត្តកំពង់ធំរកឃើញគ្រាប់ស្វាយចន្ទីកញ្ចប់ ខូចគុណភាព ដាក់លក់នៅផ្សាររំលង បានចុះដកហូតយកទៅទុក ដុតកម្ទេចចោល
កំពង់ធំ ៖ មន្ត្រីសាខាកាំកុងត្រូល បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សាររំលង ស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ រកឃើញទឹកតែ និងគ្រាប់ស្វាយចន្ទី ខូចគុណភាព នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ។
ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំលោក លៀង សុភា បានប្រាប់ឲ្យដឹងថា៖ ក្រុមការងារបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើទំនិញវេបខ្ចប់ និងម្ហូបអាហារ មួយចំនួន ដែលកំពុងដាក់លក់ នៅក្នុងផ្សារខាងលើ រួចមកជាលទ្ធផល គឺបានរកឃើញស្វាយចន្ទី ម៉ាក Tong Garden ចំនួន១៤០កញ្ចប់ ផលិតនៅប្រទេសថៃ និងទឹកតែ ម៉ាក Dishi ចំណុះ៣៨០ml ចំនួន២១ដប ផលិតនៅប្រទេសថៃ ត្រូវបានធ្វើកំណត់ហេតុដកហូតទុកដុតកម្ទេចចោល ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏បានចែកចាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។ ជាមួយគ្នានោះផងដែរលោក លៀង សុភា បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ ៕ធ.ដ