លោក ថេង សុថុល យករថយន្តដឹកទឹកបាញ់ទឹកស្រោចតាមទីធ្លាសាលាបឋមសិក្សាក្នុងខណ្ឌចំការមន
ភ្នំពេញ ៖ តាមការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ ក្នុងកាត់បន្ថយកំដៅដែលអាកាសធាតុប្រែប្រួលឡើងកំដៅខ្លាំង និងបង្កាកុំឲ្យកើតមានជំងឺជាយថាហេតុនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកស្រោចទីធ្លា តាមសាលាបឋមសិក្សានានា នៅក្នុងខណ្ឌចំការមន ។
ជាក់ស្តែងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ លោក ថេង សុថុល រួមជាមួយអភិបាលរងលោក ប៊ុន សុភ័ក្រ បានយករថយន្តបាញ់ទឹក ទៅបាញ់ស្រោចទីធ្លាសាលាបឋមសិក្សាវត្តទួលទំពូង ឲ្យត្រជាក់ឥដ្ឋ កាត់បន្ថយកំដៅថ្ងៃ ដែលជះសាយភាយកំដៅពីឥដ្ឋ ពីបេតុង កុំឲ្យក្តៅដល់កូនសិស្សាចេញពីក្នុងថ្នាក់ រត់លេងលើទីធ្លាសាលានោះ ។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សាចំនួន៥ ដែលមានក្មេងៗរៀនសូត្រ ហើយក្រុមការងារដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌទើបប្រកាសតំណែងថ្មី បាននឹងកំពុងបាញ់ទឹកស្រោចទីធ្លាទាំង៥នេះ ។ លោក ថេង សុថុល បញ្ជាក់ថា ក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សាចំនួន ៥ទីតាំង ដែលលោកបានបញ្ជាឲ្យរថយន្តដឹកទឹកស្រោចតាមសាលានីមួយៗនោះ ។
លោកអភិបាលខណ្ឌ បញ្ជាក់ថា សាលាបឋមសិក្សាទាំង៥នេះ រួមមាន ៖ សាលាបឋមសិក្សាវត្តទួលទំពូង, សាលាបឋមសិក្សាសុធារស់, សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងកើត, សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង និងសាលាបឋមសិក្សាទួលទំពូង២ ៕ធ.ដ