កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ២ ចាប់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀនចំនួន១០កញ្ចប់
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ភ្នាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នា២០១៩នេះថា មានជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនចំនួន១០កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ធ្វើការបង្ក្រាប កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំក្រុម០៤ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
លោកអធិការខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ូវ សុខា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រួមជាវត្ថុតាងថ្នាំញៀន១០កញ្ចប់តូច ។ លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើក កំពុងជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស្លាកលេខ1AH-1823 ដោយកម្លាំងសមត្ថកិច្ចល្បាតដល់ចំណុចកើតហេតុបានសង្ស័យ រួចក៏ឃាត់ជនសង្ស័យធ្វើការត្រួតពិនិត្យបានរកឃើញមានម្សៅសថ្លាចំនួន១០កពា្ចប់តូច នៅក្នុងកពា្ចប់(បារីម៉ៃសាវេន) ដាក់ក្នុងហោប៉ៅ ហើយកម្លាំងបាននាំមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំតែម្តង ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសាកភាពថា ទិញថ្នាំនៅមុខមន្ទីរពេទ្យលោកសង្ឃបឹងឈូក សង្កាត់ទឹកថ្លា ។ ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ