ទាស់ពាក្យសម្ដី ឈានដល់យកកូនកាំបិតចាក់គ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ឯអ្នកបង្កជាប់ខ្នោះសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកច្បារអំពៅ ក្រោយពីទាស់សម្ដីជាមួយជនសង្ស័យម្នាក់ ត្រូវបានគេប្រើកូនកាំបិតចុងស្រួចចាក់ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះកែវ វ៉ាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ រីឯជនសង្ស័យឈ្មោះម៉ាន់ ដារិទ្ធ ភេទ ប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន និងមានប្រើប្រាស់គ្រឿងញៀន ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកអធិការរងបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ម៉ោង២០និង០០នាទី ជនរងគ្រោះជិះម៉ូតូឌុបមិត្តភក្តិទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូសុំទឹកគេផឹក រួចជះទឹកទៅក្បែរកន្លែងជនសង្ស័យកំពុងដេកលើអង្រឹង ពេលនោះជនសង្ស័យសួរថា ម៉េចបងឯងជះទឹកដាក់កន្លែងខ្ញុំដេកអីចឹង? រួចក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យយកកូនកាំបិត ចុងស្រួចចាក់ទៅលើជនរងគ្រោះចំពោះរបួសធ្ងន់ រួចជនសង្ស័យរត់គេចខ្លួនយក កូនកាំបិតបោះចោលក្នុងព្រៃបាត់ ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ច្បារអំពៅ ដេរ០៥ថ្នេរ ។  លុះដល់ម៉ោង២១ និង០០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍តាមនីតិវិធីនាពេលក្រោយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner