ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ក្នុងករណីឆបោក(ក្លែងលេខបើកយកប្រាក់)

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងករណីឆបោក(ក្លែងលេខបើកយកប្រាក់) នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ហ៊ូរ សារ៉ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ លុយ ច័ន្ទតារា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី  ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥២៨ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សមភារៈបាត់បង់ ៖ លុយរៀលចំនួន ៦០០.០០០រៀល ។
សម្ភារៈបន្សល់ទុក ៖ សន្លឹកឆ្នោត០៥សន្លឹក  ម៉ូតូ០១គ្រឿងម៉ាក សេ១២៥  ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខកណ្តាល 1Q-2029 របស់ជនសង្ស័យ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ចាក់ថា៖ មុនពេលកើតហេតុ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង០០នាទី ជនសង្ស័យបានឈប់ម៉ូតូរងចាំដឹកម៉ូយ នៅចក្រចូលផ្សារបឹងបៃតង (សង្កាត់គោកឃ្លាង) ស្រាប់តែមានមនុស្ស០១នាក់មិនស្គាល់ឈ្មោះ បានហៅជនសង្ស័យដឹកទៅទិញស្លឹកឆ្នោតនៅម្តុំវត្តសំរោងអណ្តែត ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង០០នាទី មនុស្សប្រុសមិនស្គាល់ឈ្មោះ បានទូរស័ព្ទហៅជនសង្ស័យឲ្យទៅជួបខ្លួននៅការ៉ាស់សាំងម្តុំពេទ្យលោកសង្ឃ យកសន្លឹកឆ្នោតទៅបើកយកប្រាក់នៅក្រុមហ៊ុនឆ្នោតចំណុចកើតហេតុខាងលើ បានលុយចំនួន៦០០.០០០រៀល រួចយកលុយទៅឲ្យមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅម្តុំការ៉ាសាំងពេទ្យលោកសង្ឃវិញ ដោយទទួលបានសេវ៉ាចំនួន ២០០០០រៀល ។

រហូតដល់ម៉ោង១៦ និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២៩១៨ ជនសង្ស័យបានណាត់ជួបមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅមុខវត្តទឹកថ្លា យកសន្លឹកឆ្នោតក្លែងក្លាយទៅក្រុមហ៊ុនឆ្នោត ប្តូរយកលុយ តែត្រូវជនរងគ្រោះដឹងថាជាសន្លឹកឆ្នោតក្លែងក្លាយ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការសាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner