អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន ជាឱកាសដ៏សំខាន់មួយសម្រាប់សកលលោកទាំងមូល

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយក្រុមអ្នកកាសែតចិន ក្នុងទីស្នាក់ការកណ្តាលរបស់ UN នៅសហរដ្ឋអាម៉េរិក មុនពេលត្រូវចេញធ្វើដំណើរទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីម្សិលមិញ លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានលើកឡើងថា ដោយយោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំវិនិយោគដ៏ធំសម្បើម សម្រាប់កិច្ចសហប្រតិបត្តិអន្តរជាតិ វាគឺជា ឱកាសមួយមានសារៈសំខាន់ជាខ្លាំង សម្រាប់ការពង្រឹងសមត្ថភាពអនុវត្តន៍នូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ព្រមទាំងសម្រាប់ការចាប់ផ្តើមនូវ «ទស្សនវិស័យបៃតង» ក្នុងពេលអនាគត ។

ប្រមុខដឹកនាំ UN បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា «បញ្ហាបម្រែបម្រួល អាកាសធាតុសាកល ក៏កំពុងតែរត់ទៅមុខយ៉ាងលឿន ដោយយើង មិនអាចបំពេញយាមពាក្យសន្យា ដែលធ្វើឡើងនៅទីក្រុងប៉ារីសបាន ហើយម៉្យាងវិញទៀត យើងមានការព្រួយបារម្ភថា វានឹងមិន មានឆន្ទៈផ្នែកនយោបាយគ្រប់គ្រាន់ នៅជុំវិញពិភពលោក ដើម្បីរួមគ្នា ជួយទប់ស្កាត់បញ្ហានេះ» ។

បើតាមសម្តីលោក Guterres នៅពេលយើងមានទំហំវិនិយោគយ៉ាងធំសម្បើម នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទម្រង់ជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាក់ស្តែងវាមានសារៈសំខាន់ជាខ្លាំង ជាពិសេសនៅក្នុងទស្សនវិស័យ នៃការអនុវត្តន៍ របៀបវារៈឆ្នាំ២០៣០ ។

លោក Gutteres បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ អាចមានឥទ្ធិពលខ្លាំង ទៅលើសេដ្ឋកិច្ច និងសង្គមរបស់បណ្តាប្រទេសពាក់ព័ន្ធ ហើយគាំទ្រដល់ប្រទេសទាំងឡាយ ដែលទទួលបានអត្ថប្រយោជន៍ពី គម្រោងខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាថា គម្រោងទាំងនោះ ត្រូវបានរួមបញ្ចូលទៅក្នុងសេដ្ឋកិច្ច និងសង្គមពួកគេដោយភាពស្មោះត្រង់ ហើយចូលរួមចំណែកពេញទំហឹង ក្នុងការអភិវឌ្ឍរបស់ប្រទេសទាំងនោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner