សម័យប្រជុំលើកទី៣ព្រឹទ្ឋសភានីតិកាលទី៤ ប្រកាសទទួលស្គាល់ឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ឋសភាថ្មី មណ្ឌលភូមិភាគ៧ និងលោកជំទាវ កង សៅរ៍ធន ជាប់ឆ្នោតជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍជនបទ និងបរិស្ថាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៤រូប ។ សម័យប្រជុំលើកទី៣នេះ បានដំណើរការដោយមានរបៀបវារៈដូចខាងក្រោម ៖

១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

២-ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា   នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ។

៣-បោះឆ្នោតជ្រើសរើសបំពេញ លោកជំទាវ កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤ ។

របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។
យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៩ និងសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ‍៊ឹង លាងហ៊ួ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧ ជំនួសឯកឧត្តម ជុំ វង ដែលបានទទួលមរណភាព ។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ។

របៀបវារៈទី២៖  ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភានេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការនានា  ក្រុមសមាជិកា ក្រុមភូមិភាគ ក្រុមនានា និងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ៧ករណី គណៈកម្ម-ការនានាបានប្រជុំផ្ទៃក្នុងចំនួន ៥៨លើក ចុះបេសកកម្មក្នុងប្រទេសចំនួន ៩លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន ១៨៧លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន ១៧លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន ២២៦លើក និងសមាជិកគណៈ- កម្មការចុះមូលដ្ឋានដោយឡែកចំនួន ២៨៩លើក។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ បានរៀបចំវេទិកាសាធារណៈចំនួន ៤លើក នៅខេត្តកំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តបាត់ដំបង ចុះស្រាវជ្រាវប្រមូលព័ត៌មានអំពី តម្រូវការចាំបាច់ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យការដ្ឋានជីក ស្តារស្រះទឹក និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ កោះកុង តាកែវ កំពត កែប និងខេត្តបាត់ដំបង ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗចំនួន ៣១លើក ។
ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកុមារកំព្រានៅខេត្តកំពង់ស្ពឺ និងជួបសំណេះសំណាលជាមួយនឹងមន្រ្តីរាជការជានារី ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា។ ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ក្រុមមិត្ត-ភាពទ្វេភាគី និងពហុភាគី បានអញ្ជើញចូលរួមមហាសន្និបាត សន្និសីទ និងកិច្ចប្រជុំអន្តរជាតិ នានាចំនួន ៦លើក ។

ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈ-ដ្ឋាន និងគ្រប់ស្ថាប័ន ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ ។
របៀបវារៈទី៣៖  បោះឆ្នោតជ្រើសរើសបំពេញ លោកជំទាវ កង សៅរ៍ធន ជាសមាជិកគណៈ-កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤ ។
លោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធន-ធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner