ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី នៅទីក្រុង Vladivostok នាចុងខែមេសានេះ
រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ី RT បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី២៥ ខែមេសាខាងមុខនេះ ដើម្បីជួបពិភាក្សាជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។
ប្រភពដដែលបន្តថា លោក គីម និងលោក ពូទីន នឹងជួបគ្នានៅឯទីក្រុង វ៉្លាឌីវ៉ូស្តុក ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងក៏បានទទួលស្គាល់ដែរអំពីដំណើរទស្សនកិច្ចនេះដែរ ប៉ុន្តែបើទោះជារបៀបវារៈនៃកិច្ចប្រជុំមិនទាន់ត្រូវបានគេទម្លាយក៏ដោយ តែគេរំពឹងថា មេដឹកនាំទាំងពីរនឹងជជែកគ្នាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងឧបទ្វីបកូរ៉េ ។
កិច្ចប្រជុំរវាងមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជាជំនួបលើកដំបូងបំផុតរវាងមេដឹកនាំប្រទេសទាំងពីរក្នុងរយៈពេល០៨ឆ្នាំមកនេះ ពោលគឺគិតចាប់តាំងពីលោក គីម ឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក ៕ធ.ដ