ស្ត្រីម្ចាស់បន្ទប់ខារ៉ាអូខេសំរិទ្ធិពេជ្រ ពីរនាក់ត្រូវចោរឆក់ទូរស័ព្ទបានសម្រេច រួចទុកម៉ូតូមួយគ្រឿងឲ្យវិញ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីផ្នែកម្ចាស់បន្ទប់ខារ៉ាអូខេសំរិទ្ធិពេជ្រពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេច បណ្តាលឲ្យដួលម៉ូតូទាំងអស់គ្នារួចជនសង្ស័យងើបឡើងរត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល ដោយ បន្សល់ទុកម៉ូតូមួយគ្រឿងឲ្យវិញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតចំណុចមុខខារ៉ាអូខេប៊េស្តារ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ជាអ្នកបើកម៉ូតូមានឈ្មោះដា នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ ផ្នែម្ចាស់បន្ទប់ ស្នាក់នៅម្តុំផ្លូវរថភ្លើងត្រឡោកបែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ទី២អ្នកអង្គុយនៅពីក្រោយ និងជាម្ចាស់ទូរស័ព្ទមានឈ្មោះម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិត្រពាំងត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តកំពង់ចាម ។
តាមសម្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1N-6530 ទៅជប់លៀងជំមិត្តភក្តិនៅម្តុំផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ ។ បន្ទាប់ពីបានជប់លៀងចប់រួចរាល់ហើយ រូបគាត់ទាំងពីរនាក់បានជិះម៉ូតូត្រឡប់មកផ្ទះវិញដោយឆ្លៀតឈៀងចូលទៅកន្លែងធ្វើការយកខោអាវមកផ្ទះ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជិតដល់ផ្ទះហើយក៏លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ស ពាក់ភ្នំពេញ1HE-0885 មកពីក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងដែរជនរងគ្រោះឈ្មោះម៉ៅ ស្រី ណា ដែរអង្គុយនៅពីក្រោយកាន់ទូរស័ព្ទពីរគ្រឿងរបស់ខ្លួនមួយគ្រឿង និងរបស់មិត្តភក្តិមួយគ្រឿងទៀតជាប់នឹងដៃ និងលុយនៅជាប់ជាមួយទូតស័ព្ទចំនួន២០ដុល្លាទៀតបានសម្រេច និងធ្វើឲ្យរូបគាត់ភ្ញាក់ទាញទៅទាញមកបណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿងទៅលើថ្នល់ ហើយស្រាប់តែជនសង្ស័យស្ទុះងើបរត់ទៅឡើងម៉ូតូបក្ខពួកជនសង្ស័យមួយគ្រឿងទៀតបានជិះមកដល់ ដោយជនសង្ស័យរត់ឡើងជិះគេចខ្លួនបាត់ស្រមោលបន្សល់ម៉ូតូមួយគ្រឿងឲ្យវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។ ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកទៅរក្សាទុករងចាំធ្វើកាស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ធ.ដ