មន្ត្រីជំនាញបានអះអាងថា ចំណីម្ហូបអាហារដែលដាក់លក់នៅក្នុងផ្សារចាស់ ពុំមានលាយសារធាតុគីមីឡើយ

អត្ថបទដោយ៖
Kien Sereyvuth

 សៀមរាប៖ មន្ត្រីជំនាញបានអះអាងថា ចំណីម្ហូបអាហារដែលដាក់លក់នៅក្នុងផ្សារចាស់ ពុំមានលាយសារធាតុគីមីឡើយ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពចំណីម្ហូបអាហារ នៅផ្សារចាស់ក្នុងក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោកពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងម្ហូបចំណីគ្រប់ប្រភេទ ឬក៏ទំនិញគ្រឿងឧបភោគបរិភោគមួយចំនួនដែលបានដាក់តាំងលក់នៅក្នុងផ្សារឡើយ បន្ទាប់ពីបានធ្វើតេស្តនឹងការពិសោធន៍រកសារធាតុគីមីនៅក្នុងម្ហូបអាហារមួយចំនួន រួមមានដូចជា៖ សណ្តែកបណ្តុះ  ស្ពៃជ្រក់ ប្រហុក ជ្រក់មមាញ់ ផ្សិត ប្រហិត ត្រីងៀត សរសៃគុយទាវ គ្រឿងសមុទ្រជាច្រើនប្រភេទ និង សុពលភាពនៃការបរិច្ឆេតគ្រប់ប្រភេទ គឺគ្រឿងកំប៉ុងនិងឥវ៉ាន់ចាប់ហួយនៅតាមតូបជាដើមនោះ ។
      លោក ព្រៅ ខេមរិទ្ធ មានប្រសាសន៍ទៀតថា ទោះបីជាលទ្ធផលចុះផ្សារនៅព្រឹកនេះ មន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធ បានធ្វើតេស្ដបឋមរកមិនឃើញសារធាតុគីមី នៅក្នុងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពក្ដី លោកនៅតែបន្តការចែកចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវិចខ្ចប់ ការទុកដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នជាមុនទើបជាការប្រសើរនឹងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងសាធារណៈជនទាំងអស់ រួមគ្នាទប់ស្កាត់ និង បញ្ឈប់ការប្រើប្រាស់សារធាតុគីមី នៅក្នុងគ្រឿងហូបចុក និង លក់ដូរនូវទំនិញហួសអាយុកាលប្រើប្រាស់ ក្លែងបន្លំ ឬទំនិញខូចគុណភាព ដែលជាអំពើខុសច្បាប់ ប្រឈមទៅនិងទោសទណ្ឌក្នុងករណីធ្ងន់ធ្ងរផងដែរ ។
       លោក ព្រៅ ខេមរិទ្ធ មានប្រសាសន៍បន្ថែមទៀតថា បើទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្រុមការងារជំនាញ នៅតែបន្តចុះត្រួតពិនិត្យ តាមដាន និងការអប់រំ ដែលជាមូលដ្ឋានគ្រឹះកំពុងអនុវត្តន៍ ដើម្បីសុវត្ថិភាពលើម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរថែមទៀត ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner