បើតុលាការរកឃើញថា លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ពិតជារំលោភយកដីព្រៃលិចទឹករបស់រដ្ឋមែន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ថា ក្រសួងយុត្តិធម៌ ពិតជាបានសម្រេចចេញលិខិតផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ជាបណ្តោះអាសន្នប្រាកដមែន។

ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា «នេះជាបែបបទរដ្ឋបាល កាលណាមន្រ្តីណាមួយជាប់បណ្តឹងអាជ្ញាឬស្ថិតក្នុងដំណើរនីតិវិធីតុលាការ ច្បាប់តម្រូវឱ្យផ្អាកការងារសិន ដើម្បីជាប្រយោជន៍នៃការស៊ើបអង្កេត។

បើរកឃើញកំហុស ត្រូវបញ្ចប់តំណែង លប់ឈ្មោះចេញពីក្របខណ្ឌ និងទទួលទោសតាមការសម្រេចរបស់តុលាការ បើមិនមានកំហុសទេ នឹងត្រូវអនុញ្ញាតឱ្យចូលបំពេញការងារវិញដូចដើម»។

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់តាមទូរស័ព្ទថា កាលពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់របស់លោក កម្លាំងគណៈបញ្ជាការឯកភាពខេត្តបានចុះទៅឃាត់ខ្លួនមនុស្ស ចំនួន ០៩នាក់ រួមជាមួយគ្រឿងចក្រជាច្រើនគ្រឿងខណៈពួកគេកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋ។ បច្ចុប្បន្នមនុស្សទាំងអស់នោះត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ។

ឯកឧត្តម អភិបាលខេត្តបន្ថែមថា «ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត យើងមានតួនាទីការពារ និងប្រឆាំងដាច់ខាតចំពោះបុគ្គលណាដែលហ៊ានរំលោភបំពានលើទ្រព្យសម្បត្តិរបស់ជាតិ។ ចំពោះលោកព្រះរាជអាជ្ញារង ជា សុវណ្ណថេត យើងទុកជូនតុលាការបន្តនីតិវិធីទៅតាមផ្លូវច្បាប់»។

ពាក់ព័ន្ធករណីនេះភ្នាក់ងារយើង ពុំទាន់អាចសុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង ជា សុវណ្ណថេត បាននៅឡើយទេដោយសារទូរស័ព្ទដៃរបស់លោកហៅចូល ប៉ុន្តែគ្មានអ្នកទទួល។

សូមជម្រាបជូនថា ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ម្សិលមិញបានផ្ញើលិខិតមួយច្បាប់ជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីការសម្រេចផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើឈូសឆាយព្រៃលិចទឹក ប្រពឹត្តនៅចំណុចបឹងអាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ស្តីពីជលផល៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner