អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា ការប្រកួតកីឡាប្រណាំងកង់ភ្នំ Cambodia MTB Series ២០១៩ គឺដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានស្វែងយល់អំពីការជិះកង់ ដើម្បីសុខភាព និងបង្កើនសិទ្ធផលអត្តពលិកផងដែរ
ការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់រដូវកាលថ្មី Cambodia MTB Series ២០១៩ គឺដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានស្វែងយល់អំពីការជិះកង់ ដើម្បីសុខភាព និងបង្កើនសិទ្ធផលអត្តពលិក នេះជាប្រសាសរបស់ លោកឧកញ្ញ៉ា វង់ ខាន់ពៅ ថ្លែងក្នុងសន្និសីទសារពត៌មាន នាព្រឹកថ្ងៃ អង្គារ៍នេះ នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។
លោកឧកញ៉ា វង់ ខាន់ពៅ បន្តថា ព្រឹត្តិការណ៍កីឡាប្រណាំងកង់ ឆ្នាំ២០១៩នេះ ត្រូវបានចែកចេញជា៥ដំណាក់កាលផ្សេងគ្នា ដោយដំណាក់កាលទី១ ធ្វើនៅថ្ងៃទី៥ ខែឧសភា នៅទីលាន សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ, ទី២នៅខេត្តកែប, ទី៣នៅខេត្តកំពង់ស្ពឺ, ទី៤នៅភ្នំប្រសិទ្ធ និងដំណាក់កាលទី៥ ដែលជាជុំផ្តាច់ព្រ័ត្រនឹងត្រូវប្រកួត នៅភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។ លោកអគ្គលេខាធិការ បន្ថែមថា គោលបំណងសំខាន់ នៃព្រឹត្តការណ៍នេះ ដើម្បីទាក់ទាញកីឡាករ កីឡាការិនី ក្នុងវិស័យកីឡាប្រណាំងកង់ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាបង្កើនកម្រិតគុណភាពបច្ចេកទេសរបស់ ពួកគេឲ្យកាន់តែល្អប្រសើរផងដែរ ។ ព្រឹត្តិការណ៍នេះដែរ ក៏ដើម្បីផ្សព្វផ្សព្វឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានស្វែងយល់អំពីការលេងកីឡាជិកង់ ដើម្បីសុខភាពល្អមាំមួន ដែលគោលដៅទាំងអស់នេះ គឺជាផែនការសកម្មភាពអភិវឌ្ឍវិស័យកីឡាប្រណាំងកង់ឲ្យកាន់តែរីកចម្រើន បើកាលណាមិនមានរៀបចំជាសកម្មភាពប្រចាំឆ្នាំនោះ ទេ នោះការអភិវឌ្ឍក៏មិនមានដែរ ។ លោក ឧកញ្ញ៉ា បញ្ជាក់ទៀតថា ក្រៅពីព្រឹត្តការណ៍នេះ សហព័ន្ធគ្រោងនឹងបង្កើតការប្រណាំងជាលក្ខណៈកំសាន្តទៅតាមរមណីដ្ឋានផ្សេងៗ ដើម្បីផ្សព្វផ្សាយពីគោលដៅអេកូទេសចរ និងបំផុសកីឡាប្រណាំងកង់អោយទៅតាមបណ្តាខេត្ត ។ ហើយការប្រកួត Cambodia MTB Series ២០១៩នេះ ក៏ជាសកម្មភាពជំរុញ និងលើកទឹកចិត្តកីឡាករ កីឡាការិនីថ្នាល អោយបន្តខិតខំប្រឹងប្រែងហ្វឹកហ្វាត់ ដើម្បីត្រៀម Sea Game ២០២៣ នៅកម្ពុជា និងការប្រកួតជាលក្ខណៈអន្តរជាតិនានាផងដែរ ។
សូមបញ្ជាក់ថា ការប្រកួត Cambodia MTB Series ២០១៩ ចែកចេញជា៥ដំណាក់កាលផ្សេងគ្នា ទៅតាមកម្រិត ដូចជាកម្រិត A1 , A2 និងកម្រិត B និងកម្រិតបើកទូលាយសម្រាប់មហាជនទូទៅ ។ ចំពោះការបង់ ថ្លៃចូលរួមប្រកួត គឺកម្រិត A1 មានតម្លៃពី១៥ដុល្លារដល់១០០ដុល្លារ,កម្រិតA2 ពី២០ដុល្លារដល់៥០ដុល្លារ ហើយកម្រិត B1-B2 មានតម្លៃពី១០ដុល្លារដល់៣០ដុល្លារ និងកីឡាការិនីត្រូវបង់ថ្លៃពី១០ដុល្លារ ដល់ ២០ដុល្លារ ៕