មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បិទផ្សាយជាសាធារណៈ នូវ ឯកសារនៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ១,១៦៩ក្បាលដី នៅភូមិដើមជ្រៃ ឃុំរកាកោង២ ខេត្តកណ្ដាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋឱ្យមកពិនិត្យមើល ទិន្នន័យក្បាលដី របស់ ខ្លួនឲ្យបានច្បាស់លាស់ ចៀសវាងខុស ឈ្មោះ អក្ខរាវិរុទ្ធ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ ធ្វើការកែសម្រួល ឡើងវិញ ឲ្យបានត្រឹមត្រូវ មានតម្លាភាព និងពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។

ការអំពាវនាវនេះធ្វើឡើងនៅក្នុង ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២០នេះ ដែលមាន ក្បាល់ដីចំនួន ១,១៦៩ ក្បាលដី ។

លោក ទៀង កុស្សារៈ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៧ កក្កដាដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។

ថ្លែងក្នុងពិធីនោះដែរ លោក ឆាយ សុណា អភិបាលរងស្រុកមុខកំពូល បានមានប្រសាសន៍ថា ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។

ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន លោកអភិបាលរងស្រុកបាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ៕ ឆ ដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner