សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលនាំចូលប្រេងរបស់អ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រាប់ប្រទេសចំនួនប្រាំ ក្នុងនោះរួមមាន ជប៉ុន កូរ៉េខាងត្បូង តួកគី ឥណ្ឌា និងចិនថា ពួកគេនឹងមិនត្រូវបានលើកលែងពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកឡើយ ប្រសិនបើពួកគេបន្តនាំចូលប្រេងពីអ៊ីរ៉ង់ ។
ប្រភពបន្តថា រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ គ្រោងនឹងប្រកាសនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនបន្តការលើកលែងទណ្ឌកម្មដល់ប្រទេសទាំងប្រាំឡើយ នៅពេលការលើកលែងនោះផុតកំណត់នៅថ្ងៃទី០២ ខែឧសភាខាងមុខនេះ ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងចំពោះការដាក់ទណ្ឌកម្មប្រេងចំនួនប្រាំបី នៅពេលដែលខ្លួនបានដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីលោក ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ការលើកលែងទាំងនោះ ត្រូវបានផ្តល់ឱ្យសម្រាប់ជាផ្នែកមួយដើម្បីផ្តល់ឱ្យប្រទេសទាំងនោះ នូវពេលវេលាបន្ថែមទៀតដើម្បីស្វែងរកប្រភពថាមពលជំនួស ប៉ុន្តែក៏ដើម្បីទប់ស្កាត់ការរាំងស្ទះដល់ទីផ្សារប្រេងសកលពីការដកចេញនូវប្រេងឆៅអ៊ីរ៉ង់ភ្លាមៗផងដែរ ៕ធ.ដ