នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងនៅតែបន្តរួមសហការគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី, លោកស្រី ស៊ូវណ្ណា ហ្គោនទ្បែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៏ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរួមសហការគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ពិសេសនៅខេត្តកោះកុង និងខេត្តព្រះសីហនុ និងតំបន់ជួរភ្នំក្រវាញ ដើម្បីរក្សាបាននូវតម្លៃផ្នែកសេដ្ឋកិច្ច នៃតំបន់ទេសភាពព្រៃរងទឹកភ្លៀងដ៏សំខាន់បំផុតនៅប្រទេសកម្ពុជា។ កិច្ចការនេះ ត្រូវការកិច្ចខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័ន ដើម្បីជាប្រភពផ្គត់ផ្គង់ទឹក ការលក់ឥណទានកាបូន តួនាទីការពារគ្រោះធម្មជាតិ និងនិយតកម្មអាកាសធាតុ។

លោកស្រី បន្តថា៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានទទួលជំនួយមូលនិធិពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដើម្បីការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ។ ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ, លោកស្រី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា ដើម្បីការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ និងការដាំដុះដើមឈើនៅតាមបណ្តាខេត្តគោលដៅនានា។

លោកស្រី ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើបន្តកិច្ចសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដើម្បីថែរក្សាព្រៃឲ្យបានគង់វង្ស និងជាជម្រកដល់សត្វព្រៃគ្រប់ប្រភេទ ព្រមទាំងផ្តល់នូវប្រភពទឹក និងបរិស្ថានបៃតងសម្រាប់មនុស្សជាតិ។ លោកស្រី ក៏បានសុំកិច្ចសហការបន្តក្នុងការរក្សា និងការពារព្រៃដែលបានដាំកាលពីឆ្នាំ២០១១ នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ពិសេសព្រៃនៅតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ព្រៃដ៏ធំ និងមានសារៈសំខាន់បំផុតក្នុងការផ្តល់ប្រភពទឹក ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ជារបាំងគ្រោះធម្មជាតិ និងផ្តល់នូវបរិស្ថានបៃតងសម្រាប់មនុស្សជាតិ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានមានប្រសាសន៏ថា៖  រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ដឱ្យមានការការពារធនធានធម្មជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការទាញយកកាលានុប្បវត្តភាព នៃការប្រើប្រាស់ធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពជាមូលដ្ឋានតាមគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍបៃតង  ពោលគឺធ្វើការអភិរក្សធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍន៍ និងធ្វើការអភិវឌ្ឍន៍ដើម្បីមានកំលាំងសម្រាប់អភិរក្ស។

ដូច្នេះការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ផលប៉ះពាល់បរិស្ថាន និងការអភិរក្សសត្វព្រៃ និងព្រៃឈើ ពិសេសរក្សាបាននូវធនធានធម្មជាតិសម្រាប់រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដ៏ទៃទៀតសម្រាប់ក្មេងជំនាន់ក្រោយ។

ក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្តេជ្ញាថា នឹងសហការជាមួយអង្គការសម្ព័នមិត្តសត្វព្រៃ ក្នុងការរក្សាការពារព្រៃដែលបានដាំនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ដែលបានដាំកាលពីឆ្នាំ២០១១។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ ឯកឧត្តមនឹងណែនាំឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដាំដើមគ្រញូង និងធ្នង់ចំនួន៥ម៉ឺនដើម ព្រមទាំងត្នោតចំនួន៣ពាន់ដើម ថែមទៀត។

ឯកឧត្តមបញ្ជាក់ថា ព្រៃឈើ, ទីជម្រាលប្រភពទឹកនៃតំបន់ភ្នំក្រវាញ មានមុខងារប្រៀបដូចជាម៉ាស៊ីនបូមទឹក ស្រូបទាញទឹកពីឈូងសមុទ្រមកកាន់ដីគោក។ ដូច្នេះ ការកាត់ផ្តាច់ដីព្រៃឈើចេញពីគ្នា ដោយសារការកាប់បំផ្លាញព្រៃឈើនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ទីជម្រាលប្រភពទឹកក្នុងការបង្កើតទឹកភ្លៀង។ ឈរលើកត្តាទាំងអស់នេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមសូមគាំទ្រដល់គម្រោងនានា របស់អង្គការសម្ព័នមិត្តសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ ដោយត្រូវសហការជាមួយក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរដែនដី ដើម្បីបន្តថែរក្សាព្រៃឈើនៅប្រទេសកម្ពុជាឲ្យបានគង់វង្ស៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner