រដ្ឋបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីកិច្ចលទ្ធកម្មថ្នាក់ខេត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌ គម្រោងកាត់បន្ថយភាពក្រីក្រនិង អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន ២ (TSSD-AF)

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីកិច្ចលទ្ធកម្ម ថ្នាក់ខេត្ត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌ គម្រោងកាត់បន្ថយភាពក្រីក្រនិង អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៅសណ្ឋាគារប្រេស៊ីដង់ ក្រុង-ខេត្តបាត់ដំបង ព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃ គណៈអភិបាល ខេត្តបាត់ដំបង បានថ្លែងថា៖ការរៀបចំសិក្ខាសាលានៅពេលនេះ ក្នុងគោលបំណងសម្រេច ឱ្យបាន នូវលទ្ធផលសំខាន់ៗ របស់ គម្រោងចំនួន៣ ដោយផ្តោតសំខាន់ គឺ៖១- ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជនបទគាំទ្រផលិតភាពកសិកម្មនិងកែលំអជីវភាព ដោយបង្កើនសមត្ថភាព គ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ ។ ២- ការកែលម្អ បរិយាកាសសម្រាប់ ការបង្កើតផលិតភាព កសិកម្ម ពិពិធកម្ម កសិកម្ម និងភាពធន់ នឹងអាកាសធាតុ។ និង ៣- ការគ្រប់គ្រងគម្រោង ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ទៀតថា៖វគ្គបណ្តុះបណ្តាលនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ដល់ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និង គណៈកម្មការ លទ្ធកម្មឃុំនិងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីអនុវត្ត កិច្ចលទ្ធកម្ម ឱ្យស្របតាមគោលការណ៍ណែនាំ ដោយមានការប្រកួតប្រជែង ដោយស្មើភាព តម្លាភាព គណនេយ្យ ភាព និងប្រកបដោយ ប្រសិទ្ធភាព ។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ កិច្ចដំណើរការឲ្យមានវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ពីនីតិវិធីលទ្ធកម្មសំណង់ នៃ គម្រោងTSSD-AF សម្រាប់ប្រើប្រាស់ក្នុងខេត្ត រយៈពេល០១ថ្ងៃនេះ នឹងទទួលបានដោយធ្វើការណែនាំ ពន្យល់ តាមរយៈបទបង្ហាញ និង ឯកសារនានា នូវ មេរៀនបទពិសោធន៍ការលើកឡើងជាសំណួរ និងពិភាក្សាក្នុងការផ្តល់យោបល់ ដែលនឹងផ្តោត លើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ១.ការដេញថ្លៃសម្រាប់ការងារសំណង់។ ២.ការបើកនូវសំណើដេញថ្លៃ ការវាយតម្លៃ នឹងធ្វើរបាយការណ៍។ ៣.ការចុះកិច្ចសន្យា។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង ក៏បានលើកទឹកចិត្ត ដល់ សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ នូវរាល់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់និងខិតខំចូលរួមពិភាក្សា ក្នុងការផ្លាស់ ប្តូរ នូវទស្សនៈ យោបល់ ចែករំលែកបទពិសោធន៍ គន្លឹះ ឱ្យបានសកម្មនិងផុលផុស។ ជាមួយគ្នានេះក្នុងនាមរដ្ឋបាលខេត្ត ក៏សូមស្នើឱ្យក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់ឃុំត្រូវផ្តល់នូវកិច្ចសហការគ្នាឱ្យបានល្អ ជាមួយ ក្រុមសេវាករ ទី៦ និង សេវាករ ទី៩ ដើម្បីពង្រឹង ការអនុវត្ត កិច្ចលទ្ធកម្មសំណង់ នៅគ្រប់ថ្នាក់ ឲ្យមានដំណើរការ ល្អ និងទាន់ពេលវេលា ។

ឯកឧត្តមអភិបាលរងខេត្ត ក៏ថ្លែងអំណរគុណចំពោះ ក្រុមការងារគម្រោងថ្នាក់ជាតិនិងក្រុមទីប្រឹក្សាថ្នាក់ជាតិ ថ្នាក់ខេត្ត ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះមានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងមូលនីធិអន្តរជាតិសំរាប់ការអភិវឌ្ឍកសិកម្ម(IFAD)ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ នេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner