បើកវគ្គបណ្តុះបណ្តាល ស្តីពីការឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត នៅសណ្ឋាគារខេមរាអង្គរខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ បើកវគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត នៅសណ្ឋាគារខេមរាអង្គរខេត្តសៀមរាប ដែលបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនៅការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា។ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

កម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបការកេង ប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត នាពេលនេះជាច្រើននាក់ផងដែរ។

មានប្រសាសន៏ក្នុងនោះដែរ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថា វគ្គបណ្តុះបណ្តាលនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បី បង្កើនចំណេះដឹង និងជំនាញក្នុងការកំណត់សញ្ញាណហានិភ័យ ចរិកលក្ខណៈ និងប្រភេទបទល្មើស ព្រមទាំងយុទ្ធសាស្ត្រឆ្លើយតបចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

ចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារឲ្យភាគីពាក់ព័ន្ធ ទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិលជាដើម ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ិនធឺណិតនេះ។ ល្បិចកល និងអំពើនៃការរំលោភបំពានផ្លូវភេទរបស់ជនល្មើស កាន់តែមានភាពស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗ ដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធចាំបាច់រួមគ្នាដោះស្រាយ។

លោកជំទាវ បានបន្តថា កុមាររងគ្រោះទាំងនោះភាគច្រើន មានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឈឹម បាក់ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាចជាដើម។ ទំហំនៃផលប៉ះពាល់នៃដំណើរការការស្តារនីតិសម្បទារបស់កុមាររងគ្រោះ ត្រូវការគាំទ្រទាំងផ្លូវចិត្ត និងផ្លូវកាយពីសំណាក់ឪពុកម្តាយ អាណាព្យាបាល អ្នកជំនាញ និងសហគមន៍ផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលអណត្តិទី៦ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបដិវត្តឧស្សាហកម្មទី៤ ដែលផ្តោតជាពិសេសទៅលើវិស័យបច្ចេកវិទ្យាពត៌មាន(4G) ហើយពិភពលោកក៏កំពុងប្រើប្រាស់វាក្នុងការបំពេញមុខងារទាំងក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចបានយ៉ាងមានប្រសិទ្ធភាពទៀតផង។

ប្រព័ន្ធបច្ចេកវិទ្យាពត៌មានបានជួយជំរុញដល់ការរីកលូតលាស់ការងារនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងទំនាក់ទងរបស់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ទោះបីជាប្រព័ន្ធបច្ចេកវិទ្យាពត៌មាន ឬហៅថាប្រព័ន្ធអ៊ីនធឺណិត បានជួយសម្រួលដល់សកម្មភាពការងារ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងពិភពលោកក៏ដោយ ក៏មានបញ្ហាប្រឈម និងឧក្រឹដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន បានកើតឡើងគួរឲ្យព្រួយបារម្មណ៍ពីប្រព័ន្ធអ៊ីនធឺណិតនេះផងដែរ មានដូចជា ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសទៅលើស្ត្រីនិងកុមារ។ល។ ហើយបញ្ហាទាំងនេះបានកើនឡើងច្រើន និងរីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទៀតផង។

លោកជំទាវ ក៏បានបញ្ជាក់ទៀតថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ ដែលកំពុងកើតមានឡើងលើប្រព័ន្ធអ៊ីនធឺណិត ដោយប្រើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ សង្គម និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតនានា។ នៅកម្ពុជា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត កើតមានឡើងគួរឱ្យព្រួយបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ មុនពេលវាកើតឡើងបន្ថែមទៀត។

ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន និងការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាតមានការពេញនិយមនោះ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធឺណិត បានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារការរំលោភបំពាននេះ។

យើងទាំងអស់គ្នាដើម្បីចូលរួមការពារឧត្តមប្រយោជន៍កុមារ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារមួយចំនួនទៀត។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តច្បាប់អន្តរជាតិនានា និងបានដាក់ចេញនូវវិធានការជាច្រើន រួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើន៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner