ឪពុកនាំកូនស្រីបើករថយន្ដបុកនិស្សិតស្រីស្លាប់ ទៅប្រគល់ជូននគរបាលជំនាញ ចាត់ការតាមច្បាប់
ភ្នំពេញ៖ នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក យិន ង៉ិច បាននាំកូនស្រីឈ្មោះ យិន ម៉ាណា មកប្រគល់ជូននគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យនគរបាលចាត់ការតាមនីតិវិធីច្បាប់។ ពាក់ព័ន្ធករណីនេះ លោក សែម គន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។
សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ង៉ិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥០០០ដុល្លារ។ បន្ទាប់ពីចូលបុណ្យសព លោក យិន ង៉ិច បាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។
ទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ត្រូវបានមហាជនរិះគន់ និងសម្តែងក្តីខឹងសម្បារ និងទទូចឲ្យមានការចាត់ផ្លូវច្បាប់លើជនបង្កឲ្យសាកសមនឹងកំហុស ដើម្បីទុកជាការព្រមានដល់អ្នកបើកបរដទៃទៀត។ សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយឡាន Range Rover ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុក ជនរងគ្រោះដែលកំពុងជិះម៉ូតូគុបជ្រុងនៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយបង្កហេតុ តែកុងរថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែសំណាងល្អដែលមានវីដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្តរហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តខាងលើបាន៕ធ.ដ