វិស័យសាធារណការ និងដឹកជញ្ជូនរវាងកម្ពុជា និងចិន គឺជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន
ជំនួបពិភាក្សាការងាររវាងឯកឧត្តម ហ្សាង ឈុនស៊ាន (Zhang Chunxian) អនុប្រធានគណៈកម្មាធិការសភានៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ស្តីពីអំពីវឌ្ឍនភាពការងារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណការ និងដឹកជញ្ជូនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងដឹកជញ្ជូន ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាពការងារ កិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណការ និងដឹកជញ្ជូនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសារជូនពរពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម ហ្សាង ឈុនស៊ាន និងថ្នាក់ដឹកនាំកំពូលៗផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ហ្សាង ឈុនស៊ាន ក៏បានបង្ហាញជំហរគាំទ្រលើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងភាពស្មោះត្រង់រវាងកម្ពុជា-ចិន ព្រមទាំងបានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ថាជាវីរបុរសរបស់កម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម បានសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញ និងរឹតចំណងមិត្តភាពនេះ ឱ្យកាន់តែស្អិតរមួត ព្រោះថាប្រទេសទាំងពីរកម្ពុជា-ចិន ធ្លាប់មានចំណងមិត្តភាពជាប្រពៃណីតាំងពីយូរលង់មកហើយ។
សូមជម្រាបជូនថា ឯកឧត្តម ហ្សាង ឈុនស៊ាន (Zhang Chunxian) អតីតជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៥ និងធ្លាប់បានជួយជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដើម្បីឱ្យមានការរីកចម្រើន៕ធ.ដ