ខេត្តសៀមរាបប្រាព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
ទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៨ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ដោយផ្តោតសំខាន់លើការបន្តលើកកម្ពស់ស្មារតីប្រជាជន មហាជន ជាពិសេស យុវជនដែលជាអ្នកបន្តវេន និងពិធីបើកមហោស្រពសិល្បៈល្ខោនស្រមោលស្បែកធំ លើកទី២ នៅខេត្តសៀមរាប ដែលបានប្រារព្ធធ្វើកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្ប: និង លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប។
លោកជំទាវ យូ សុភា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំពុងយកចិត្តទុកដាក់លើកកម្ពស់តម្លៃវប្បធម៌ជាតិ និងបានផ្តល់នៅអនុសាសន៍ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ក្នុងគោលបំណងបណ្តុះសេចក្តីស្រឡាញ់ និងឆន្ទ ថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍បេតិកណ្ឌវប្បធម៌ជាតិឲ្យរុងរឿងដូចកាលសម័យដើម ។ លោកជំទាវបានបញ្ជាក់ទៀតថា យុវជននេះហើយ គឺជាទំពាំងស្នងឬស្សី ជាកម្លាំងសកម្មរបស់សង្គម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវគិតគូរឲ្យបានត្រឹមត្រូវច្បាស់លាស់ តាមរយ:ការផ្ទេរមរតពីអ្នកជំនាន់មុន ឲ្យបន្តវេនហើយអាចទទួលយកបានដោយមោទនភាព។ ចំពោះមហោស្រពនីមួយៗ ត្រូវចេះចម្រាញ់យកខ្លឹមសារ និងរូបភាពដ៏សម្បូរបែបយកមកបង្ហាញឲ្យមានភាពទាក់ទាញ និងសមស្របតាមបរិយាកាសសង្គម ដោយឈរលើមូលដ្ឋានអភិរក្សដើម្បីអភិវឌ្ឍ ពោលគឺរក្សាចាស់បង្កើតថ្មី ក៏ប៉ុន្តែត្រូវបំពាក់ដោយអត្តសញ្ញាណជាតិជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជុច ភឿន បានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ០៣មីនា គឺជាទិវាដ៏មានសារសំខាន់ ហើយត្រូវបានប្រារព្ធរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកគុណូបការ:ដ៏ធំធេងដល់បុព្វបុរសដូនតារបស់យើង ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើយនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ទាំងនេះឲ្យគង់វង្សយូរអង្វែងតរៀងទៅ។ ឯកឧត្តមបានបន្តទៀតថា សម្បត្តិវប្បធម៌ គឺជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាព ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេងបំផុត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ហើយក៏ជាមូលដ្ឋានក្នុងការតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយទៀត ឲ្យយើងចេះរួមរស់ជាមួយគ្នាដោយរួមសុខរួមទុក្ខ នឹងគ្មានការរើសអើងពូជសាស្ត្រជាដើម។
ឯកឧត្តមបានធ្វើការសង្កត់ធ្ងន់ថា គ្រប់រាល់ស្លាកយីហោ ផ្ទាំងប៉ាន់ណូផ្សព្វផ្សាយពាណិជ្ជកម្ម ច្បាប់បានធ្វើការណែនាំ ត្រូវឲ្យអក្សជាតិជំជាងអក្សបរទេស ព្រមទាំងថ្នាក់ដឹកនាំមន្ទីរវប្បធម៌គ្រប់រាជធានី ខេត្ត សំខាន់ខេត្តសៀមរាប ត្រូវធ្វើការពិនិត្យឡើងវិញ នៅតាមបណ្តារោងមហោស្រពដែលមាននៅក្នុងក្រុងសៀមរាប គឺ មិនត្រូវយកវប្បធម៌បរទេស មកបំពាក់លើសិល្បៈជាតិយើងបានឡើយ។ ឯកឧត្តមបានធ្វើការណែនាំមួយចំនួនលើការអភិរក្ស វប្បធម៌ ប្រពៃណី ព្រមទាំងបានលើកសរសើរផងដែរ ដែលខេត្តសៀមរាបបានថែរក្សានូវវប្បធម៌ ប្រពៃណីពីបុរាណកាល ដែលបានរក្សានូវគង់វង្ស ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខេត្តសៀមរាប៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ