ដំណើរចុះបំពេញបេសកកម្មរបស់គណៈកម្មការទី១ នៃព្រឹទ្ធសភានៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ (សិទ្ធិទទួលបានការជុំនំជុំរះក្តីដោយយុត្តិធម៌ និងបញ្ហាអ្នកជាប់ឃុំលើសនីតិវិធី) ស្ថានភាពនៃការអនុវត្តក្រមទាំង៤ បញ្ហាប្រឈម និងការលំបាក ព្រមទាំងសំណូមពរនានារបស់ខេត្ត និងអង្គភាពចំណុះខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក នៅសាលប្រជុំសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឯកឧត្តម យ៉ង់ សែម បានគូសបញ្ជាក់ថា ដំណើរចុះមកបំពេញបេសកកម្មនៅខេត្តសៀមរាបនាពេលនេះ គណៈប្រតិភូបានចុះជួបធ្វើការសំណេះសំណាលជាមួយបងប្អូន ក្រុមប្រឹក្សាសង្កាត់ទាំង១២ របស់ក្រុងសៀមរាប ដោយពួកគាត់បានលើកនូវសំណូមពរមួយចំនួន ដោយផ្តោយ៉ាងសំខាន់ ទៅលើការរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់អាជ្ញាធរអប្សរាគ្រប់គ្រង រួមទាំងការផ្តល់នូវបណ្ណ័កម្មសិទ្ធិសម្គាល់អចលនទ្រព្យមានការយឺតយ៉ាវ បញ្ហាគ្រឿងញៀន បញ្ហាសំណង់អាណាធិបតេយ្យនៅលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ព្រមទាំងសំណូមពរមួយចំនួនទៀត ដែលក្រុមប្រតិភូទទួលបានមកនេះ។

ឯកឧត្តមក៏បានលើកផងដែរ អំពីការអនុវត្តច្បាប់ និង ការដោះស្រាយរាល់បញ្ហាវិវាទរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរក៏មានធ្វើការបកស្រាយរបស់អាជ្ញាធរក្រុង អាជ្ញាធរជាតិអប្សរា អំពីការអនុវត្តច្បាប់ ដែលបានកំណត់ ដែលធ្វើឲ្យមានការប៉ះពាល់នូវអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់ដែលអាជ្ញាធរជាតិអប្សរា មិនឲ្យមានការសាងសង់លំនៅដ្ឋានថ្មី គឺមានសិទ្ធិត្រឹមធ្វើការជួសជុលលំនៅដ្ឋាន និង ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុនផងដែរ។

រាល់ការហាមឃាត់នៅតំបន់មួយចំនួនដែលមានប៉ះពាល់ទីទួលបុរាណដ្ឋាន និងបឹងបុរាណ ដែលសិ្ថតនៅក្រៅតំបន់អប្សរា។ ម៉្យាងទៀតរាល់ការផ្តល់នៅប័ណ្ណកម្មសិទ្ធិសម្គាល់អចលនទ្រព្យមានការយឺតយ៉ាង ដោយការបំពេញបែបបទលិខិតស្នាមមិនត្រឹមត្រូវ និងប៉ះពាល់ តំបន់ទីទួលបុរាណដ្ឋាន និងដីស្ថិតនៅក្នុងចំណាត់ការរបស់តុលាការ ព្រមទាំងបញ្ហាទំនាស់ និងមិនទទួលស្គាល់ការកំណត់ដីផ្លូវជាដើម។ ក្នុងនោះដែរប្រជាពលរដ្ឋមួយចំនួនដែលរស់នៅលើដីចំណីផ្លូវ ដីគម្រោងផ្លូវ នៅពេលអាជ្ញាធរចុះធ្វើការរុះរើ បានធ្វើការទាមទារនូវសំណង នៃផលប៉ះពាល់ទៀតផង។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា រាល់បញ្ហាដែលមានកើតនៅក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តបានធ្វើការដោះស្រាយជាបន្តបន្ទាប់ ហើយមួយចំនួនបានកំពុងបន្តធ្វើការដោះស្រាយ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តមបានបន្តទៀតថា ចំពោះបញ្ហាគ្រឿងញៀននាពេលកន្លងមក កម្លាំងសមត្ថកិច្ចបានធ្វើការទប់ស្កាត់ តែពេលនេះគឺប្រើប្រាស់វិធានការបង្រ្កាប ដើមី្បធានាសន្តិសុខ សុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ចំពោះបញ្ហាប្រជាពលរដ្ឋថា អាជ្ញាធរជាតិអប្សរា មិនអនុញ្ញាតឲ្យធ្វើការសាងសង់លំនៅដ្ឋាន នៅក្នុងតំបន់អង្គរនោះ  ដោយប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិលើពិភពលោក ដែលយើងតែងលើកឡើងថា ប្រាសាទអង្គរវត្ត (ជាមេមាន់ពងមាស ព្រមទាំងធ្វើការអភិរក្ស និងអភិវឌ្ឍន៍ ទៅជាតំបន់ទេសចរណ៍ មាសបៃតងទៀតផង)។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហាបងប្អូនដែលមានទោសទណ្ឌ កំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តសៀមរាប គឺ ៧០% ជាពិរុទ្ធ ជនករណីគ្រឿងញៀន ដែលមានចំនួនលើសលប់គួឲ្យមានការព្រួយបារម្ភ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រតិភូផងដែរ លើគោលនយោបាយពង្រីកដីកសិកម្ម ដែលធ្វើឲ្យប៉ះពាល់បាត់បង់ព្រៃលិចទឹក និងព្រៃឈើ ក្នុងការកាប់ទន្ទ្រានយកដីធ្វើកសិកម្ម។

ជាមួយគ្នានេះ ឯកឧត្តម យ៉ង់ សែម ក៏បានធ្វើការថ្លែងនូវអំណរគុណ ចំពោះអាជ្ញាធរខេត្តសៀមរាប ទៅតាមការរំពឹងទុកផងដែរ អំពីដំណើរបេសកកម្មសិក្សាស្វែងយល់រកព័ត៌មាននៅខេត្តសៀមរាប ដែលបានធ្វើឲ្យគណៈកម្មការ លើការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ ចំពោះអំពីលទ្ធផលដែលអនុវត្តបានរបស់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អំពីច្បាប់គ្រប់គ្រងរដ្ឋបាល លើការខិតខំអនុវត្តនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនដល់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ដើមី្បធ្វើការអនុវត្ត និងកែលម្អនូវ ចំណុចសេសសល់មួយចំនួនផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner