ប្រធានស្តីទីស.ស.យ.ក ខេត្តសៀមរាប៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនឹងមានទស្សនីយភាពជាច្រើនទាក់ទងទៅនឹងវប្បធម៌ប្រពៃណីខ្មែរ
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា ឆ្នាំនេះ កម្ពុជាមិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទេ ប៉ុន្តែសម្រាប់ខេត្តសៀមរាប គឺមានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលធ្វើនៅតំបន់ព្រះអង្គចេក ព្រះអង្គចម និងនៅសួនច្បាមុខមហាសណ្ឋាគារអង្គរ ដោយមានកម្មវិធីកម្សាន្ត ល្បែងប្រជាប្រិយ និងការបង្ហាញវប្បធម៌ដ៍សសម្បូរបែបខ្មែរ ដែលធ្វើអ្នកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ មានភាពសប្បាយរីករាយ ជាពិសេសទេសចរបរទេស បានស្វែងយល់ពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ នៃពិធីបុណ្យជាតិរបស់ខ្មែរយើងផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា បើទោះបីព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ មានការរៀបចំតូចជាងអង្គរសង្ក្រាន្តក៏ពិតមែន ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ បានប្រមូលយកកម្មវិធីសំខាន់ៗដែលមាននៅក្នុងអង្គរសង្ក្រាន្តមកដាក់ចូលនៅក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា កម្មវិធីសំខាន់ៗដែលគ្រោងរៀបចំនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ មានដូចជា ភូមិអាហារនៃក្តីស្រលាញ់ ដែលបាននាំយកអាហារ និងបង្អែមប្រចាំនៅតំបន់សៀមរាបជាច្រើនប្រភេទមកបង្ហាញ និង ឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក់រស់ជាតិ នៃអាហារខ្មែររបស់យើង។ មានកម្មវិធី ភូមិខ្ញុំ តោះតោះលេងទឹក មានដាក់តាំងបង្ហាញជ្រូកយក្ស ការតាំងបង្ហាញនូវការត្បាញក្រមា និងផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរ និងមានកម្មវិធីសប្បាយៗជាច្រើនទៀត។
ឯកឧត្ដម ប្រាក់ សោភ័ណ បានបន្តថា គិតត្រឹមថ្ងៃទី២៨ខែមីនានេះ ការសាងសង់សំណង់នានា នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ ដំណើរការបានប្រមាណជា៥០ទៅ៦០ភាគរយហើយ។ ក្រុមការងារសាងសង់ក៏កំពុងតែប្រញាប់ប្រញាល់ក្នុងការពន្លឿនការងារនេះឲ្យបានលឿនទាន់ពេលវេលាផងដែរ។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្ត សប្បាយនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ ឲ្យបានច្រើន ជាពិសេសត្រូវចូលរួមថែរក្សានូវបរិស្ថាន និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា មួកសុវត្ថិភាពមួយ ជីវិតមួយ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ