សាលាបណ្ឌិតសភាយោធារុស្ស៊ី និងកងទ័ពជើងគោកកម្ពុជាពិភាក្សាគ្នា ដើម្បីបង្កើន ទំនាក់ទំនង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស
ក្នុងដំណើរទស្សនកិច្ចនៃគណៈប្រតិភូ កងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានស្វាគមន៍ដោយឧត្តមសេនីយ៍ឯកវ្លាឌឺមៀរ ហ្សារ៉ូដីនស្គី (Vladimir Zarudnitsky) នាយកសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ីនៅថ្ងៃទី ២៦ មីនាឆ្នាំ២០១៩នៅរដ្ឋធានីម៉ូស្គូ។
ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងរវាង សាលាបណ្ឌិតសភាយោធារុស្ស៉ី និងកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាលបង្កើន សមត្ថភាពកងទ័ពកម្ពុជា។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលរុស្ស៊ី និងកងទ័ពសហព័ន្ធរុស្ស៉ីដែលបានគាំទ្រ និងមានកិច្ច សហប្រតិបត្តិការល្អ នៅក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។
ភាគីរុស្ស៊ីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក។ ភាគីរុស្ស៊ីសន្យាថា នឹងបន្តគាំទ្រដល់ដំណើរការបណ្តុះបណ្តាលយោធិននៃកងយោធនពលខេមរភូមិន្ទ។ បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក គណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា បានទស្សនាសារមន្ទីរប្រវត្តិសាស្រ្តសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ី៕ធ.ដ