សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ជាមួយនឹងមោទនភាពរបស់សកលវិទ្យាល័យ សម្ដេចបានរំលឹកថា សម្តេចក៏ធ្លាប់បានទៅបង្រៀននៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះផងដែរ ពាក់ព័ន្ធនយោបាយក្រៅប្រទេស នៅក្នុងទសវត្សរ៍៨០ និង៩០។ ដោយសារតែសកលវិទ្យាល័យនេះ នៅជាប់នឹងរបងក្លិបកំសាន្តរ៉ក់ សម្តេចតេជោ បានសម្តែងការរីករាយចំពោះសមត្ថកិច្ច ដែលបានបង្ក្រាបគ្រឿងញៀននៅក្នុងក្លិបកម្សាន្តរ៉ុក ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ជារកឲ្យឃើញមេខ្លោង ហើយត្រូវចាត់វិធានការដ៏ម៉ឹងម៉ាត់បំផុតតាមច្បាប់។
ជាថ្មីម្ដងទៀត ជាមួយនិងជ័យលាភីនេះ សម្តេចតេជោ បានថ្លែងថា ការបើកឱកាសឲ្យវិស័យឯកជនចូលរួមបណ្តុះបណ្តាលនៅថ្នាក់ឧត្តមសិក្សា គឺឆ្លើយតបតាមការចង់បានរបស់អាណាព្យាបាល និងនិស្សិត។ សម្ដេចក៏បានជំរុញឲ្យវិស័យឯកជន បន្តចូលរួមបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្លើយតបទៅនឹងទីផ្សារការងារដែលចេះតែមានតម្រូវការខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរគណៈគ្រប់គ្រង និងសាស្ត្រចារ្យទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា ប្រកួតប្រជែងគ្នាក្នុងការអប់រំ ហើយកសាងកេរ្តិ៍ឈ្មោះឲ្យល្បីដូចសកលវិទ្យាល័យនៅអាម៉េរិក។ តែសម្តេចតេជោ បញ្ជាក់ថា ការប្រកួតប្រជែងនេះ គឺប្រកួតប្រជែងលើគុណភាពអប់រំ មិនមែនប្រកួតដោយផ្តួលរំលំគ្នានោះទេ។
សម្តេចតេជោ បានសម្តែងការអបអរសាទរជាមួយនិស្សិតជ័យលាភី ក៏ដូចជាអាណាព្យាបាល ក្រុមគ្រួសារ និងសាច់ញាតិ ដែលបានប្រឹងប្រែងរួមគ្នា ធ្វើឲ្យវិស័យអប់រំរបស់យើង បានរីកចម្រើនឥតឈប់ឈររហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមលើនេះ សម្តេចតេជោ បានលើកទឹកចិត្តឲ្យនិស្សិតបញ្ចប់ការសិក្សានៅថ្ងៃនេះ ប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ។ សម្តេចតេជោ បានថ្លែងថា សង្គមមានការវិវឌ្ឍលឿនណាស់នាពេលបច្ចុប្បន្ន។ សម្តេចថា ការឈរទ្រឹងមួយកន្លែងស្មើនឹងការដើរថយក្រោយ។ សម្តេចតេជោ បញ្ជាក់ថា ការពង្រីកសមត្ថភាពចំណេះដឹងនេះ មិនមែនធ្វើតែនិស្សិតទេ សូម្បីតែមន្ត្រីរបស់រាជរដ្ឋាភិបាល ក៏ត្រូវតែប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ និងលើកទឹកចិត្តឲ្យស្ត្រីសិក្សាឲ្យបានខ្ពស់បន្ថែមទៀត។ សម្តេច ក៏បានសុំឲ្យអាណាព្យាបាល និងស្វាមី លើកទឹកចិត្តឲ្យស្រ្តីជាកូន ជាភរិយាសិក្សាឲ្យបានខ្ពស់។ ជាមួយនឹងការគិត ដើម្បីធ្វើវិសោតនកម្មរដ្ឋធម្មនុញ ឲ្យមានទោសប្រហារជីវិត សម្តេចតេជោ ហ៊ុន សែន គាំទ្រការលើកឡើងរបស់លោកមេធាវី សុខ សំអឿន លោក អ៊ូ វីរៈ និងលោក សុខ ទូច ដែលមិនគាំទ្រឲ្យមានច្បាប់ប្រហារជីវិត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានច្បាប់ប្រហារជីវិតនោះទេ ត្រឹមទោសមួយជីវិតគ្រប់គ្រាន់ហើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាឲ្យមានធ្វើយុទ្ធនាការព្រមៗគ្នា ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម និងលុបបំបាត់ការរំលោភលើសេពសន្ថវៈលើកុមារ និងសកម្មភាពរំលោភសេពសន្ថវៈ និងបានបញ្ជាឲ្យមានការអនុវត្តន៍ច្បាប់ឲ្យបានម៉ឹងម៉ាត់ ជាពិសេសការដាក់ទោសមួយជីវិត ចំពោះជនរំលោភសេពសន្ថវៈ។ សម្តេចតេជោ ថា គ្រឿងញៀន និងគ្រឿងស្រវឹង ជាចំណែកមួយនាំឲ្យមានការប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ។
សូមបញ្ជាក់ថា ក្នុងពិធីដែលធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប៣,០៤៣នាក់ ក្នុងនោះមានស្ត្រី ១,៤១២នាក់ ក្នុងនោះ មានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥៤២នាក់។ ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីការបើកបណ្តុះ បណ្តាលឡើងក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុលពត សាកលវិទ្យាល័យ បានផ្តល់សញ្ញាបត្រជូននិស្សិត ចំនួន១៩លើករួចមកហើយ។ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនេះ មានជាង ៥ម៉ឺននាក់។
ឯកឧត្តមបានឱ្យដឹងទៀតថា សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ មកដល់បច្ចុប្បន្ន សិក្ខាកាម និងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរចំនួន ៥២០៩៩នាក់ នារី ១៩០២៩នាក់ ក្នុងនោះ មាននិស្សិតបរទេសចំនួន ១២៨នាក់។ បច្ចុប្បន្ន សកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាសរុប១៤៧០០នាក់ នារី ៧១៩០នាក់ ក្នុងនោះ និស្សិតបរទេសចំនួន៦៧នាក់ ដែលមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្រ្តាចារ្យក្របខ័ណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិ សរុបចំនួន ៥៦៧នាក់ នារី ១៥៣នាក់៕ម.ន