រដ្ឋាភិបាលឥណ្ឌាអំពាវនាវឲ្យរៀបចំការបោះឆ្នោតសកលជាផ្លូវការ នាអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០១៩នេះ
ឥណ្ឌា៖ ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនបំផុតទីពីរនៅលើពិភពលោក នឹងរៀបចំការបោះឆ្នោតនៅសប្តាហ៍ទី២ នៃខែមេសា ឆ្នំា២០១៩នេះ ហើយលទ្ធផលនឹងសម្រេចជោគវាសនារដ្ឋាភិបាលថ្មី សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលរដ្ឋាភិបាលកណ្តាលគឺមានអាណត្តិ៥ឆ្នាំ។
គណៈកម្មការបោះឆ្នោតឥណ្ឌា បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅក្នុងដំណាក់កាលចំនួន៧ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខណៈការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។ អាណត្តិបច្ចុប្បន្ននៃរដ្ឋាភិបាលរបស់គណបក្ស BJP ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី នឹងផុតកំណត់នៅថ្ងៃទី០៣ ខែមិថុនា ហើយការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងជា៧ដំណាក់កាល។ លោក ណារិនដ្រា ម៉ូឌី នឹងឈរឈ្មោះប្រជែងអាណត្តិទី២នេះ ទល់នឹងសម្ព័ន្ធបក្សប្រឆាំងដ៏ធំដឹកនាំដោយលោក រ៉ាហ៊ុល គន្ធី។
បើតាមលោក ស៊ូនីល អារ៉ូរ៉ា ដែលជាប្រធានគណៈកម្មការបោះឆ្នោតឥណ្ឌា ពលរដ្ឋប្រមាណ៩០០លាននាក់មានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០១៩នេះ បើធៀបនឹងចំនួន៨១៤,៥លាននាក់នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤។ លោកបន្ថែមថា ឆ្នាំនេះ ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិច នឹងមានរូបថតបេក្ខជនដើម្បីបញ្ចៀសកំហុសនៃការបោះឆ្នោតដែលមានឈ្មោះត្រួតគ្នា ហើយថា អ្នកបោះឆ្នោតខ្ទង់៩០០លាននាក់ នឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន៥៤៣នាក់នៅសភាជាន់ទាបរបស់ប្រទេសឥណ្ឌា៕ម.ន