អភិបាលខេត្តសៀមរាប ស្នើឲ្យកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់លើការងារចរាចរណ៍ និងការទប់ស្កាត់បង្រ្កាបគ្រឿងញៀន
សន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលសៀមរាប ត្រូវបានបិទបញ្ជាប់ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនយកចិត្ត ទុកដាក់ ពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដោយផ្តោតសំខាន់ទៅលើបញ្ហាការធ្វើចរាចរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកម្លាំងសមត្ថកិច្ចជំនាញត្រូវធ្វើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងធ្វើការទប់ស្កាត់បង្រ្កាបឲ្យខានតែបាន លើបញ្ហាគ្រឿងញៀនក្នុងខេត្ត និងឆ្លងកាត់ខេត្ត ដោយខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ប្រមូលផ្តុំទៅដោយភ្ញៀវទេសចរ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតវិស័យទេសចរណ៍នេះ គឺជាឧស្សាហកម្មគ្មានផ្សែង ដែលជា ប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៉ែន វិបុល បានវាយតម្លៃខ្ពស់ និង ថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេតសៀមរាប ដែលបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើឲ្យបទល្មើសមានការថយចុះបើប្រៀបធៀបទៅឆ្នាំកន្លងមក ។ ឯកឧត្តម បានជំរុញឲ្យមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងការការពារថែរក្សាសន្តិសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ដោយអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវប្រកបដោយ សេចក្តីថ្លៃថ្នូរ ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿជាក់ គ្មានការភ័យខ្លាចអំពីភាពអសន្តិសុខ ។
ភាពសុខសាន្តដែលមានរហូតមកដល់សព្វថ្ងៃ គឺអាស្រ័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តីជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។ ជាមួយគ្នានេះដែរ មន្តី្រនគរបាលត្រូវបន្តធ្វើការផ្សព្វផ្សាយនៅគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានខ្លាំងក្លាបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងធ្វើការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមាន ដូចជាចោរលួច ចោរឆក់ ការជួញដូរមនុស្ស ការរីករាលដាលនៃគ្រឿងញៀន និងការពារសុវត្ថិភាពសន្តិសុខ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងទឹកដីនៃខេត្តសៀមរាប ឲ្យមានសន្តិសុខ សុវត្ថិភាពល្អ និងមានតម្លាភាព ស្របតាមការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលយើងទាំងអស់គ្នាកំពុងតែអនុវត្ត ៕ធ.ដ