សម្ដេច ទៀ បាញ់ ចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-៣០ និងសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តរតនគិរី-វៀតណាម
រតនគិរី៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលទី៦ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-៣០ (ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ) និងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០នាក់ ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ០២ ក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ព សម្ដេចពិជ័យសេនាបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខអំពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំងពីរតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ។ សម្ដេចពិជ័យសេនាក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរភាព របស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕ ម.ន
ដោយៈ គតិ យុត្ត