ឯកឧត្តម អ៊ុំ សារិទ្ធ បញ្ជាក់ថា គ្រប់កិច្ចការងារ គឺពិតជាមិនអាចជោគជ័យទៅបានទេ បើមិនមានការចូលរួមជួយជ្រោមជ្រែងពីស្រ្តី ដែលជាដៃគូមិនអាចខ្វះបាន
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា គ្រប់កិច្ចការងារ គឺពិតជាមិនអាចជោគជ័យទៅបានទេ បើមិនមានការចូលរួមជ្រោមជ្រែងពីស្រ្តី ដែលជាដៃគូមិនអាចខ្វះបាន។ នេះជាប្រសាសន៍លើកឡើងក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រការពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នៅសាលបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ។
ឯកឧត្តម អ៊ុំ សារិទ្ធ មានប្រសាសន៍បន្ថែមថា ប្រធានបទនេះ ពិតជាមានសារៈសំខាន់ ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី និងសុខមាលភាពសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងសមត្ថភាព។
ក្នុងឱកាសនោះដែរ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា មានប្រសាសន៍ថា ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់ឤចដល់ស្ត្រី និងក្មេងស្រីកម្ពុជា មានសារៈសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។
សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ គឺដើម្បីរំលឹកឡើងវិញ ពីវីរភាពរបស់ស្ត្រី ដែលបានប្រឆាំងនឹងលក្ខខណ្ឌការងារ តួនាទីរបស់ស្រ្តី ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍ ការជំរុញឲ្យបញ្ឈប់ការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ៕ធ.ដ