កូរ៉េខាងជើងជួបវិបត្តិខ្វះស្បៀងខ្លាំងបំផុត ក្នុងរយៈពេល១០ឆ្នាំមកនេះ

របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយថា នៅឆ្នាំ២០១៩នេះ កូរ៉េខាងជើងកំពុងជួបវិបត្តិខ្វះស្បៀងអាហារដ៏អាក្រក់បំផុត នៅរយៈពេល១ទសវត្សរ៍មកនេះ។ របាយការណ៍របស់ UN ចេញផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី៦ មីនាម្សិលមិញថា ផលិតកម្មស្បៀងអាហាររបស់កូរ៉េខាងជើង ត្រូវបានធ្លាក់ចុះក្នុងកម្រិតមួយទាបបំផុតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់ មិនបានបរិភោគគ្រប់គ្រាន់។

ប្រភពថា ផលិតកម្មអាហារធ្លាក់ចុះ ៩% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៩ ដោយថយចុះពី ៥,៤៥លានតោន ទៅ ៤,៩៥លានតោន។ ការថយចុះនេះកើតឡើងដោយសារ កង្វះនៃដីកសិកម្ម កង្វះនូវឧបករណ៍កសិកម្មទំនើបៗ និងជី ព្រមទាំងគ្រោះធម្មជាតិដែលកើតឡើងជាញឹកញយ។ ប្រភពបន្ថែមទៀតថា មនុស្សប្រមាណ១១លាននាក់ (ត្រូវនឹងជាង៤៤%នៃប្រជាជនសរុប) រស់នៅដោយខ្វះអាហារូបត្ថម្ភ។ កូរ៉េខាងជើងបានជួបប្រទះនូវគ្រោះទុរ្ភិក្សជាច្រើនសា ដោយប្រជាជនប្រមាណ១០% ត្រូវបានប៉ាន់ស្មានថា បាត់បង់ជីវិត។

កង្វះអាហារនេះ ត្រូវបានពិភពលោក ជាពិសេស លោកខាងលិច ចោទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងអតីតមេដឹកនាំមុនៗមិនយកចិត្តទុកដាក់លើស្ថានភាពប្រជាជន ហើយចំណាយទឹកប្រាក់សន្ធឹកសន្ធាប់លើកម្មវិធីអាវុធនុយក្លេអ៊ែរច្រើន។ គួរបញ្ជាក់ថា របាយការណ៍នេះបានចេញផ្សាយ ក្រោយពេលដែលមេដឹកនាំអាម៉េរិក និងមេដឹកនាំកូរ៉េខាងជើងបរាជ័យក្នុងជំនួបកំពូលលើកទីដោយគ្មានការចុះកិច្ចព្រមព្រៀង នៅវៀតណាម៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner