បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ២០១៩
បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ចាការរងកងទ័ពជើងគោក តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការររងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួមពីសំណាក់លោកជំទាវឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករងអគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាងយេនឌ័រក្រសួងការពារជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងគោក លោកជំទាវ ឧត្តមត្រី ឌិន សុដានី នាយករងទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងយេនឌ័រ អគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ ព្រមទាំងវត្តមានឯកឧត្តមជានាយទាហានជាន់ខ្ពស់ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងយុទ្ធនារីសរុបប្រមាណ៤៨៦នាក់ចូលរួមផងដែរ។
លោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកពេជ្រនិល បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ស៊ីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ទិវាដ៏មានសារសំខាន់ជារៀងរាល់ឆ្នាំប្រទេសនីមួយៗតែងតែលើកចេញជាប្រធានបទរៀងៗខ្លួន។ ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំនេះ បានលើកយកប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» សម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការអនុវត្តគោលនយោពាយជាតិគាំពារសង្គម ជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ប្រជារាស្ត្រមានសេចក្តីសុខ វឌ្ឍនភាពដូចសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧដុង្គឧត្តមនៃព្រះករុណា មហាវីរៈក្សត្រ ព្រះវររាជបីតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋនៃយើង។
លោកជំទាវឧត្តមសេនីយ៍ឯក តុប សារ៉ន បានមានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ស្ត្រីអាចចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានលើកស្ទួយឲ្យតម្លៃស្ត្រីក្នុងសង្គម សំដៅបង្កើនការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការបំពេញភារកិច្ច កាតព្វកិច្ច អភិវឌ្ឍន៍ប្រទេសជាតិតាមរយៈបន្តលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធស្ត្រីផងដែរ។ លោកជំទាវក៏បានកោតសសើរចំពោះក្រុមការងារយេនឌ័រ និងយុទ្ធនារី នៃ ខ ភ ម និយាយរួម និងនិយាយដោយឡែកក្រុមការងារយេនឌ័រ និងយុទ្ធនារីកងទ័ពជើងគោកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងការងារស្នូល ទាំងការងារការពារជាតិ ការពារសន្តិសុខសណ្តាប់សង្គមជូនប្រជាពលរដ្ឋ និងបានចូលរួមយ៉ាងសកម្មក្នុងការងារ និងកិច្ចការសង្គមបានល្អជាបន្តបន្ទាប់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ចាប វ៉ាន្និ បានមានប្រសាសន៍ថា ជារាល់ឆ្នាំបញ្ជាការដ្ឋានកងទ័ពជើងគោក តែងតែបានជួបជុំគ្នាហើយប្រារព្ធទិវាអន្តរជាតិនារី ៨មីនានេះឡើង ជាការរំលឹកអំពីប្រវត្តិសាស្ត្រនៃការតស៊ូសិទ្ធិសេរីភាព និងលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសិទ្ធិស្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាពស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចក្លាហានរបស់ស្ត្រី ការធា នាការពារសិទ្ធរបស់ស្ត្រី ការចូលរួមពេញលេញនៅក្នុងការធ្វើសេចក្តីសម្រេចនានា ហើយជាងនេះទៀត ស្ត្រីក៏ត្រូវបានទទួលឱកាសក្នុងដំណើរការអភិវឌ្ឃជាតិ ធានាសិទ្ធិការថែទាំសុខភាព ការបណ្តុះបណ្តាលមុខជំនាញ និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាព កិច្ចអភិវឌ្ឍន៍សង្គម ក៏ដូចជាការទទួលបានការថែទាំសុខភាព ទាំងកិច្ចការពារតាមផ្លូវច្បាប់ដោយយុត្តិធម៌ សមធម៌ ព្រមទាំងជៀសផុតអំពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ថវៈ និងអំពើហិង្សារដទៃទៀត។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះបងប្អូននារីដែលបានលះបង់កូន ចៅ ប្តី ញាត្តិមិត្តជាទីស្រលាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបានសំនូមពរដល់ឯកឧត្តមមេបញ្ជាការគ្រប់លំដាប់ថ្នាក់ សូមបន្តការយកចិត្តទុក្ខដាក់ដល់នារី តាមរយៈការផ្តល់ឲ្យនារីចូលរួមគ្រប់សកម្មភាពការងារដើម្បីឲ្យនារីទទួលបានបទពិសោធន៏ការងារ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចជាថ្នាក់ដឹកនាំផងដែរ៕ម.ន