អគ្គិភ័យលេបត្របាក់តូបលក់អីវ៉ាន់ចាប់ហួយឆេះអស់៨តូប នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះតូបលក់អីវ៉ាន់ចាប់ហួយមួយកន្លែងនៅក្នុងផ្សារតាសេក និងបង្ក ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ កាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ នៅតូបលក់អីវ៉ាន់ចាប់ហួយ ក្នុងបរិវេណផ្សារតាសេក ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីខាងក្នុងតូបលក់អីវ៉ាន់ចាប់ហួយ និងលាយឡំអណ្តាត់ភ្លើង ទើបនាំគ្នាស្រែកឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍។ ចំពោះមូលហេតុ គឺមកពីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះរាលដាលឡើង និងខូចខាតសម្ភារតូបលក់អីវ៉ាន់ចាប់ហួយចំនួន៨តូប។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទើបពន្លត់រហូតរលត់ទាំងស្រុង នៅម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ត ទី៧មីនានេះ។ ក្នុងនោះដែរ ប្រជាពលរដ្ឋដែលរស់នៅជិតផ្សារខាងលើ បានសណូមពរឲ្យឧកញ៉ា ឌួង តេច ដែលជាម្ចាស់ផ្សារតាសេក ឲ្យបើកផ្សារនេះឡើងវិញ ឲ្យប្រជាពលរដ្ឋបានលក់ដូរផង និងឲ្យមានសន្តិសុខយាមកាមបានល្អផង កុំទុកចោលអណាធិបតេយ្យបែបនេះ មានប្រជាពលរដ្ឋ២ទៅ៣តូបដែលមកលក់អីវ៉ាន់ចាប់ហួយហើយក៏ចាក់សោចោល បង្កឲ្យមានអគ្គិសភ័យឆាបឆេះនេះឡើង៕ម.ន