ឯកឧត្តម គោស៊ុ ប៊ុនសឿត៖ ប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវរួមគ្នាថែរក្សាការពារនូវរាល់សមិទ្ធផលទាំងអស់ ដែលបងប្អូនសប្បុរសជនកូរ៉េបានផ្តល់ឲ្យ
ព្រះវិហារ៖ ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅក្នុងទីរួម ស្រុកសង្គមថ្មី ធ្វើយ៉ាងណាត្រូវរួមគ្នាថែរក្សាការពារនូវរាល់សមិទ្ធផលទាំងអស់ ដែលបងប្អូនសប្បុរសជនកូរ៉េផ្តល់ឲ្យ ដើម្បីជាប្រយោជន៍ទុកសម្រាប់ប្រើប្រាស់បានយូអង្វែង។ ការលើកឡើងនេះ ក្នុងកម្មវិធីសម្ភោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវអគារបឋមសិក្សាស្តៅឃឹមកាំង រួមនឹងសមិទ្ធផលមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរស់ជនកូរ៉េ តាមរយៈលោក ស៊ី យ៉ុងមីង តំណាងក្រុមហ៊ុនជនជាតិកូរ៉េ។ ពិធីនេះធ្វើឡើង នៅបរិវេណសាលា បឋមសិក្សាស្តៅឃឹមកាំង ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ឯកឧត្តម បានថ្លែងបញ្ជាក់បន្តថា ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ជាពិសេសប្រជាជនដែលរស់នៅក្នុងទីរួមស្រុកសង្គមថ្មីទាំងមូល សូមថ្លែងនូវអំណរអរគុណជាខ្លាំង ចំពោះទឹកចិត្តសប្បុរស ធម៌ នៃប្រជាជនកូរ៉េ ដែលតែងតែចំណាយពេលវេលា និងទ្រព្យសម្បត្តិ សំដៅចូលរួមលើកស្ទួយដល់ការលំបាកខ្វះខាតជូនបងប្អូនប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ចំពោះសមិទ្ធផលដែលដាក់ ឲ្យដំណើរការប្រើប្រាស់នាថ្ងៃ នេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស ទៅថ្ងៃអនាគត ព្រមទាំងបញ្ហាសុខមាលភាព និងភាពមិនខ្វះទឹកសម្រាប់ប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋកូរ៉េ នឹងនៅតែបន្តជួយដល់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា សមិទ្ធផលដែលប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកសង្គមថ្មី ទទួលបានពីបងប្អូនសប្បុរសជន នៃប្រទេសកូរ៉េ តាមរយៈលោក ស៊ី យ៉ុងមីង តំណាងក្រុមហ៊ុនកូរ៉េ ពីឆ្នាំ២០១២ រហូតមកដល់ពេលនេះរួមមាន÷ អគារវិទ្យាល័យចំនួន១ខ្នង ស្មើ៥បន្ទប់ អគារអនុវិទ្យាល័យចំនួន១ខ្នង ស្មើ៦បន្ទប់ អគារបឋមសិក្សាឃុំស្តៅឃឹមកាំងចំនួន១ខ្នង ស្មើ៦បន្ទប់ កុំព្យូទ័រ២៤គ្រឿង បន្ទប់អនាម័យចំនួន១០បន្ទប់ ជីកស្រះទឹកចំនួន២កន្លែង បន្ទប់ទឹក១ខ្នង ស្មើ២បន្ទប់ អណ្តូងស្នប់ដៃចំនួន៤៥អណ្តូង និងបានសាងសង់ប្រព័ន្ធចម្រោះទឹកស្អាតចំនួន១កន្លែងផងដែរ។ នេះបើយោងតាមការបញ្ជាក់ដោយសង្ខេបរបាយការណ៍របស់លោក ជុម ពុយ អភិបាលស្រុកសង្គមថ្មី លើកឡើងជូនគណៈអធិបតី៕