រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍន៍អនុវិស័យជលផល ផ្នែកវារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខប្រម៉ាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បានទទួលជួបលោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ADB ដើម្បីស្នើសុំការណែនាំ ចង្អុលបង្ហាញ និងការណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី ទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត របស់គម្រោង ដែល ADB បានជួយកន្លងមក និងជាពិសេសសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួងដើម្បីអភិវឌ្ឍន៍លើអនុវិស័យនីមួយៗ និងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានគួសបញ្ជាក់ថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមកគឺផ្តោត ជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មី នៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួន មកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោត ស្វាយ ស្វាយចន្ទី និងជាពិសេសវិស័យកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។

ដូច្នេះ ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ ADB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីក និងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍន៍អនុវិស័យជលផល ផ្នែកវារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ។ ឯកឧត្តម បានលើកពីចំណុចសំខាន់ នៃផលិតកម្មគោ ដោយផ្តោតលើការបង្កាត់សប្បនិម្មិតពូជគោ ដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយដែលជាប្រភពចំណូលសម្រាប់កសិករនៅជនបទយ៉ាងរឹងមាំ។

ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលសំដៅជាពិសេសលើការប្រើប្រាស់ទឹកបៃតង ផ្ទះកញ្ចក់ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើផលិតកម្មតាមកិច្ចសន្យា និងការគាំទ្រសហការជាមួយវិស័យឯកជនក្នុងការផលិតពូជសុទ្ធ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទាញអារម្មណ៍ឲ្យADB ក្រឡេកមើលពីសារៈសំខាន់របស់វា ដែលជាគន្លឹះដ៏សំខាន់ជួយបំពេញបន្ថែមខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងផលិតភាពដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។

លោក Jaing Feng Zhang សូមឯកភាពលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយពិតជាល្អនិងសំខាន់ សម្រាប់រូបលោក និងសហការី យកទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី ដែលADB កំពុងចងក្រងសម្រាប់កម្ពុជា ហើយលោកក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីអភិវឌ្ឍន៍វិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner