រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា ស្រ្តីប្រមាណ៦០% កំពុងបម្រើការក្នុងឧស្សាហកម្មទេសចរណ៍
ថ្លែងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ស្រ្តីមានប្រមាណ៦០% ដែលបាននឹងកំពុងបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាកត្តាជំរុញការលើកស្ទួយ កម្រិតជីវភាព គ្រួសារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរចំពោះលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលសម្រេចដោយក្រុមការងារយេនឌ័រ នៃក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល “ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ” ដែលផ្តល់ឱកាសការងារដល់ស្រ្តីសំដៅពង្រឹងភាពជាម្ចាស់រួមចំណែក បង្កើនសេដ្ឋកិច្ច គ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ប្រធានបទនេះ ពិតជាមានសារៈសំខាន់ ក្នុងគោលបំណងបន្តរំលេចពីតម្លៃ នៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី និងសុខមាលភាពសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងសមត្ថភាព ដែលមាន ភាពស៊ីចង្វាក់ជាមួយវឌ្ឍនភាព កាលានុវត្តភាពថ្មីនាពេលបច្ចុប្បន្នរបស់កម្ពុជា និងក្នុងបរិបទសកល ក៏ដូចជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តក្រប ខណ្ឌគោលនយោបាយជាតិគាំពារសង្គមក្នុងការធានាថា មិនទុកនរណាម្នាក់ ឱ្យនៅឯកោ ហើយទាំងអស់គ្នា នឹងទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច ដ៏រឹងមាំប្រកបដោយសមធម៌។
ឯកឧត្តម ថោង ខុន បានអះអាងថា ដើម្បីពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺជាសមាសធាតុដ៏សំខាន់នៃការអភិវឌ្ឍ ធនធានមនុស្ស» ។ ជាក់ស្តែងនៅពេលដែលប្រជាពលរដ្ឋគ្រប់រូប ទាំងប្រុសទាំងស្រីទទួលបាន ការអភិវឌ្ឍ និងមានសុខមាលភាពរឹងមាំ ប្រកបដោយសក្តានុពល ធ្វើឱ្យពួកគេមានជំនាញចូលរួមយ៉ាងសកម្ម នៅក្នុងទីផ្សារការងារ ប្រកបដោយ ផលិតភាព និងប្រសិទ្ធភាព ក្នុងបរិការប្រកួតប្រជែងកម្រិតខ្ពស់ ដោយឈានទៅ ចូលរួមពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រលើកដំបូងដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាល នឹងក្លាយជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់ ដែលជាផែនទី ចង្អុលទិស ក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបញ្ជ្រាបយេនឌ័រ ទៅតាមវិស័យនិងស្ថាប័ន ដែលមានគោលដៅសំខាន់ចំនួនបី ទី១)ធ្វើស្ថាប័ននីយកម្ម ក្របខ័ណ្ឌ ផ្អែកលើលទ្ធផល ក្នុងការងារលើកកម្ពស់ សមភាពយេនឌ័រ នៅកម្ពុជា ដោយមាន ចំណុចដៅជាក់លាក់ នៅតាមវិស័យនីមួយៗ ទី២)បង្កើនធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅតាមវិស័យ និងទី៣)បង្កើតប្រព័ន្ធ តាមដាន និងត្រួតពិនិត្យមួយ ដែលមានលក្ខណៈ សង្គតិភាព និងផ្តល់គណនេយ្យភាព សាធារណៈដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា៕ធ.ដ