លោកជំទាវ ឃួន សុដារី៖ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយតួនាទីស្ត្រី

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់ឤចដល់ស្ត្រី និងក្មេងស្រីកម្ពុជា មានសារៈសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកជំទាវអនុប្រធានទី ២ នៃរដ្ឋសភា បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងបងប្អូននារីក្នុងស្រុកលើកដែកប្រមាណជាង៣០០នាក់ ក្នុងពិធីអបអរសាទរខួបលើកទី ១០៨ ទិវាអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្រុកលើកដែក ខេត្តកណ្តាល។

សូមជម្រាបផងដែរថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។
ជាមួយការគំាទ្រដល់ប្រធានបទខាងលើ ថាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ឱ្យប្រកប ដោយគុណសម្បត្តិដ៏ថ្លៃថ្លា ជោគជ័យគ្រប់កិច្ចការក្នុងនាមជាពលរដ្ឋដ៏ល្អនោះ លោកជំទាវ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះគឺក្នុងពេលសម្រាលកូនសាមីខ្លួនបានឈប់សម្រាក រយៈពេល ៣ខែ និងទទួលបានប្រាក់ខែ១២០% បូកជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ និងការកើតកូនភ្លោះបាន ២ នាក់ ចំនួន ៨០ ម៉ឺនរៀលនិង ៣ នាក់ចំនួន ១ លាន ២០ ម៉ឺនរៀល បូកនឹងជំនួយឧបត្ថម្ភរបស់ខ្ញុំ ៥ លាន រៀលថែមទៀត។

លោកជំទាវ ក៏បានពាំនាំសេចក្តីនឹករលឹក និងប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការអត្ថាធិប្បាយក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្យ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ ដែលបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ យើងត្រូវធ្វើពិធីនេះនៅមុនថ្ងៃ ៨ (មីនា) មកដល់ ដើម្បីទុកថ្ងៃទី ៨ មីនានោះ គឺទទួលបានការឈប់សម្រាក និងកម្សាន្ត ទៅតាមការចង់បានរបស់ស្ត្រីគ្រប់រូប។ បន្ទាប់មកទៀត ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី ដើម្បីធានាថាកម្មករ និយាយជារួមត្រូវបានទទួលផលប្រយោជន៍ ពីគោលនយោបាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាល ដោយឥតគិតប្រាក់ ហើយពិសេសកម្មការិនី ដែលធ្វើការនៅកន្លែងនោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។ លោកជំទាវ ក៏បានបន្តបញ្ជាក់បន្ថែមពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឲ្យថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គួរគប្បីធ្វើការឲ្យបានញឹកញាប់បន្តិចជាមួយនឹងក្របខណ្ឌជាស្រ្តី ដោយប្រើប្រាស់ក្នុងមួយឆ្នាំ ២-៣ ពេល ដើម្បីជួបស្រ្តី និងស្តាប់មតិរបស់ពួកគាត់។ លោកជំទាវ បានលើកឡើងបន្ថែមពី ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យមានការយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ ចំពោះស្រ្ដី ដែលធ្វើការតាមផ្ទះ ព្រោះស្ដ្រីធ្វើការតាមផ្ទះរបស់យើង ពួកគាត់គ្មានឱកាសសម្រាក សប្បាយរីករាយទាល់តែសោះត្រូវដាំស្លផង បោកគក់ផង រហូតដល់ស្ដ្រីនៅក្នុងប្រទេសរបស់យើងត្រូវបានបញ្ជូនទៅធ្វើការតាមផ្ទះនៅប្រទេសក្រៅ។ លោកជំទាវ ក៏បានបន្តលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អំពីការបង្កើតក្រុមមេធាវី តេជោសែន ដែលពេលនេះកំពុងចាប់ផ្ដើមដំណើរការជួយដល់ស្រ្ដីក្រីក្រ និងស្ដ្រីពិរុទ្ធជន ដោយផ្តោតសំខាន់លើទណ្ឌិតជាស្ដ្រី ដែលគប្បីទទួលបានការលើកលែងទោស ដោយបានណែនាំទៅក្រសួងយុត្ដិធម៌ ក្រសួងកិច្ចការនារី សហការជាមួយផ្នែកពន្ធនាគារ ពិនិត្យមើលអ្នកដែលជាប់ទោសទណ្ឌិតជាស្ដ្រី អ្នកណាខ្លះគប្បីទទួលបានការលើកលែងទោស ដែលជាគោលដៅទី ១។ រីឯគោលដៅទី ២ សម្រាប់ស្ដ្រីជាពិរុទ្ធជន ដែលមិនទាន់ទទួលបានការកាត់ទោសដោយសារតែខ្វះមេធាវី គឺត្រូវតែជម្រុញការប្រើប្រាស់ឲ្យអស់សក្ដានុពល ដែលមួយភាគក្រសួងកិច្ចការនារីមានតាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រសួងយុត្ដិធម៌មាន តាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ហើយបំពេញបន្ថែមដោយក្រុមមេធាវីរបស់សម្តេចតេជោ ដើម្បីទៅជួយការពារក្ដីសម្រាប់ស្ដ្រីក្រីក្រ។

នៅក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បានឧបត្ថម និងជូនអំណោយអនុស្សាវរីយ៍ ចំពោះអ្នកចូលរួមផងដែរ ដោយក្នុងនោះរួមមានឧបត្ថម្ភក្រុមការងារស្រ្តីក្នុង ៧ ឃុំ ដោយឃុំនីមួយៗទទួលបានថវិកា ១ លានរៀល ,អាវ ៥០ ក្នុង ១ ឃុំ សរុប ៦៥០ អាវ ,ឧបត្ថម្ភក្រុមការងារស្រុក ១ លានរៀល, ឧបត្ថម្ភស្រ្តីចូលរួម ក្នុងម្នាក់ទទួលបាន សារ៉ុង ១ អាវយឺត ១ រួមជាមួយថវិកា ៥ម៉ឺនរៀល៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner