ប៉ូលិសខណ្ឌចំការមនបញ្ជូនខ្លួនបុរសជើងខ្លាំង៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សា
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅឱ្យតុលាការចាត់ការតាមផ្លូវច្បាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សា។
សូមរឮកថាកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មនុស្សជាច្រើននាក់បានស្គាល់ហើយ លោកឡោ សំណាង អតីតអ្នកប្រដាល់ជើងខ្លាំង ទម្ងន់ស្រាល ប្រចាំក្លិបកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានបាត់មុខពីលើសង្វៀនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តស៊ីណា ពណ៌ស ធ្វើដំណើរតាមផ្លូវសុធារស ក៏បានប៉ះម៉ូតូជាមួយក្មេងស្ទាវមួយក្រុមមានគ្នាជិត១០នាក់ ជិះម៉ូតូ៤-៥គ្រឿង បន្តិចបន្តួច។ ស្រាប់ក្មេងស្ទាវទាំងនោះ បានស្ទាក់ម៉ូតូពីរមុខរថយន្តគាត់ រួចបានឈ្លោះប្រកែក ហើយបង្ខំឲ្យរូបគាត់សុំទោសបងធំពួកគេទាំងមានជាតិស្រវឹង។ ដោយរូបគាត់មិនព្រមសុំទោស ស្រាប់តែក្មេងស្ទាវទាំងនោះ បានស្ទុះមកវាយគាត់តែម្តង ដោយឃើញបែបនេះ រូបលោកបានវាយដើម្បីរំដោះខ្លួន ពេលនោះក្មេងស្ទាវទាំងនោះមានអ្នកខ្លះវាយ រូបលោកដោយមានដុំថ្មផង មួកសុវត្ថិភាព បណ្តាលឲ្យរូបលោករបួសដៃនឹងបាក់ម្រាមដៃកូនមួយ និងរបួសហើមមុខជាច្រើនកន្លែងផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនក្រុមក្មេងស្ទាវ៣នាក់ យកមកប៉ុស្តិ៍នគរបាលទន្លេបាសាក់ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។ ប្រភពក្រៅផ្លូវការបានបង្ហើបឱ្យបានដឹងថា ជនសង្ស័យទាំង៣នាក់ ពេលដែលនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួនក៏មានក្រុមគ្រួសារសាច់ញាតិ រត់ការដើម្បីដោះលែងឱ្យមានសេរីភាពវិញដែរ ប៉ុន្ដែបរាជ័យ ទើបនៅរសៀលនេះ ត្រូវនគរបាលខណ្ឌចំការមនបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ម.ន