ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអ្នកនាំពាក្យរបស់ខេត្តជាប់មាត់សមុទ្រទាំងបួន
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពីអ្នកនាំពាក្យរយៈពេលពីរថ្ងៃនៅសាលាខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សមត្ថភាពភាពអ្នកនាំពាក្យខេត្តជាប់មាត់សមុទ្រទាំងបួន ដោយផ្តោតលើប្រធានបទ “អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់កិត្តិយសក្រុង-ខេត្ត និងការលើកកម្ពស់អធិបតេយ្យភាព ឯករាជ្យ និងមោទនភាពនៃជាតិរស់ឡើងវិញ”។
អង្គសិក្ខាសាលានេះ ត្រូវបានចាត់ទុកថា ជាកាហ្វឹកហ្វឺនបំប៉នសមត្ថភាព និងអនុវត្តនយោបាយគាំទ្រដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាអ្នកនាំពាក្យប្រចាំរាជធានី ខេត្ត និងមន្ត្រីគ្រប់ក្រសួង ក្រោមកិច្ចទទួលខុសត្រូវនៅមូលដ្ឋានរាជធានីខេត្តរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ សិក្ខាសាលានេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន១៤៦នាក់ មកពីមន្ទីរ អង្គភាព ៤ខេត្ត ក្នុងនោះ មកពីខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ។
ជាមួយ គ្នានេះអង្គសិក្ខាសាលាក៏បានបញ្ជាក់ផងដែរពីការយល់ដឹងពេញលេញនូវទស្សនៈនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ និងឯកភាពជាតិ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាថា សិក្ខាសាលាមានគោលបំណងសំខាន់ គឺដើម្បីបំពាក់បំប៉នជំនាញ និងបង្កើនសមត្ថភាពដល់មន្ត្រីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ប្រកបដោយភាពវិជ្ជមាន និងបង្កើនការទុកចិត្ត ព្រមទាំងការចូលរួមសហការគាំទ្រពីសំណាក់សាធារណជន ។ តាមរយៈសិក្ខាសាលានេះដែរ ឯកឧត្តម យន្ត មីន បានជំរុញឲ្យសិក្ខាកាមយកចិត្តទុក្ខដាក់ ដើម្បីបានទទួលចំណេះដឹងនេះ ឆ្លើយតបទៅនឹងខ្លឹមសារនៃប្រធានបទ “អ្នកនាំពាក្យសកម្ម ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយសខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យភាព និងមោទនភាពនៃជាតិរស់ឡើងវិញ”៕ម.ន