ចិនបន្តបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួន៧,៥% សម្រាប់ឆ្នាំ២០១៩នេះ

ចិន៖ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បដិវត្តន៍បាននិងកំពុងកើតមានឡើងនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងប៉េកាំង។ កងទ័ពរំដោះប្រជាមានិតចិនបានរីកចម្រើន និងធ្វើទំនើបភាវូនីយកម្មយ៉ាងឆាប់រហ័យ ចាប់តាំងពីចិនបើកទូលាយចំពោះពិភពលោកឡើងវិញ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែក្រោមការដឹកនាំរបស់លោក ស៊ី ជំហានរបស់ពួកគេបានរីកចម្រើនយ៉ាងលឿន ជាមួយនឹងការផ្តោតសំខាន់លើការប្រយុទ្ធ និងការឈ្នះសង្រ្គាមនាពេលអនាគត។

ជាក់ស្តែងនៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលចិនបានបង្ហាញនូវការកំណើនលើការចំណាយយោធា៧,៥ភាគរយ ក្នុងអំឡុងកិច្ចប្រជុំនិតិបញ្ញត្តិប្រចាំឆ្នាំ “Two Sessions” របស់ខ្លួននៅក្នុងទីក្រុងប៉េកាំង ពោលគឺធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ បើធៀបនឹងកំណើនលើការចំណាយយោធាកាលពីឆ្នាំមុន។ ក្រុមអ្នកជំនាញ បាននិយាយថា ការធ្លាក់ចុះតិចតួចនេះ ទំនងជាចង់បញ្ចៀសផុតពីទស្សនៈក្នុងប្រទេសថា ការចំណាយយោធាចិនបានលើសច្រើនហួសហេតុពេកពីកំណើនសេដ្ឋកិច្ចរបស់ពួកគេ ដែលមានការកើនឡើងត្រឹមតែ៦,៥ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៩។

សូមបញ្ជាក់ថា ស្របពេលដែលយោធាចិនស្ថិតនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចាយលុយច្រើនបំផុតនៅលើពិភពលោកនោះ ថវិកាចំណាយរបស់ពួកគេនៅស្តួចស្តើងនៅឡើយ បើប្រៀបធៀបនឹងសហរដ្ឋអាម៉េរិក។ កាលពីខែធ្នូកន្លងទៅ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានឯកភាពនឹងកំណើនថវិកាការពារជាតិ៧៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner