អាជីវកម្មអនឡាញនៅវៀតណាមបន្តកើនឡើងខ្លាំង តែប្រឈមនឹងផលិតផលក្លែងក្លាយ
សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃនេះថា អាជីវកម្មតាមអនឡាញក្នុងប្រទេសនេះ នៅតែជាពេញនិយមខ្លាំងជាង២ឆ្នាំទៀត ដោយនឹងឈានដល់ទំហំ១០ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែមានការព្រមានពីការជួញដូរផលិតផលក្លែងក្លាយ តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក។
សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី០៦ មីនា ២០១៩បានដឹងថា ជាមួយនឹងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មទី៤ និងសម័យឌីជីថលនោះ ពាណិជ្ជកម្មតាអនឡាញត្រូវបានបង្កើតឡើងកាន់តែច្រើន។ យ៉ាងណាក៏ដោយ អំឡុងសន្និសីទសារព័ត៌មាន កាលពីដើមសប្តាហ៍ មានការព្រមានថា អាជីវកម្មអនឡាញក៏ជាការផ្តល់ឱកាសច្រើន លើការជួញដូរទំនិញខុសច្បាប់។
ក្រុមហ៊ុនស្រាវជ្រាវមួយបង្ហាញរបាយការណ៍ថា ទំហំពាណិជ្ជកម្មអនឡាញនៅវៀតណាមបានឈានដល់២,២៦ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន កើនឡើង៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ វៀតណាមបានឈរនៅលើលំដាប់ថ្នាក់លេខ៦ ក្នុងចំណោម១០ប្រទេសដែលមានអាជីវកម្មអនឡាញច្រើនជាងគេនៅលើពិភពលោក ពោលគឺបន្ទាប់ពីចិន អាម៉េរិក អង់គ្លេស ជប៉ុន និងអាល្លឺម៉ង់៕ធ.ដ