រដ្ឋបាលខេត្តសៀមរាបប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ
រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំទិវាជាតិបង្ការ និងពន្លត់ អគ្គិភ័យ ដើម្បីជំរុញដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុ។ ទិវានេះបានប្រារព្ធទៅក្រោមអធិបតី ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង រួមទាំងក្រុមជំនាញពន្លត់អគ្គិភ័យប្រទេសថៃចូលរួមផងដែរ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្តទទួលការិយាល័យអគ្គិភ័យបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងខេត្តសៀមរាប បើបៀបធៀបនឹងឆ្នាំ២០១៧ មានចំនួន៣៩ករណីលើ១៩ករណី។ ករណីឆេះផ្ទះ២៤លើ ១៩ខ្នង ដោយប្រើប្រាស់ទឹកអស់៦៣រថយន្ត។ អគ្គិភ័យទាំងនេះគឺបណ្តាលមកពី ការឆេះធុងហ្គាស ដុតធូក ទៀនចោល និងឆ្លងចរន្តអគ្គិសនី។
ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការគោរពទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២កុម្ភៈ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និងមានសារៈសំខាន់ ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន ជាសំខាន់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង គាំទ្រ និងចូលរួមយ៉ាងសស្រោកសស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។
ឯកឧត្តមបានផ្តាំផ្ញើ និងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជន ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គីភ័យនេះ ក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម មានការប្រុងប្រយ័ត្ននូវគ្រប់វិនាទី ចំពោះដើមចោទដែលអាចបង្កឲ្យកើតមានអគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័ន ចំហេះសារធាតុគីមី ដែលជាវត្ថុងាយឆាបឆេះ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ុល លឹម មានប្រសាសន៍លើកនូវអនុសាសន៍ល្អៗមួយចំនួន លើការបង្ការចំពោះបញ្ហាអគ្គិភ័យ ដោយផ្តោតសំខាន់ទៅលើការរៀបចំនូវប្រព័ន្ធសុវត្ថិភាព និងបង្ការគ្រោះអគ្គភ័យ នៅតាមបណ្តាអគារធំៗខ្ពស់ៗ និងបណ្តាក្រុមហ៊ុន ផ្សារទំនើប ក្លិបកំសាន្ត និងរោងចក្រ មហោស្រពជាដើម។ ក្នុងនោះឯកឧត្តមក៏បានផ្តោតសំខាន់ចំពោះរាល់បច្ចេកទេស ក្នុងការរៀបចំនូវស្ថានីយ៍ប្រេងឥន្ធនៈ តើគ្រប់ជំនាញពាក់ព័ន្ធបានធ្វើការពិនិត្យត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេសឬទេ? ដើមី្បបង្ការកុំឲ្យមានហានីភ័យកើតឡើង។
ក្នុងឱកាសនោះដែរ ក៏មានការបង្ហាត់បង្ហាញអំពីសកម្មភាពស្តីពីការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដែលបានធ្វើការបង្ហាត់បង្រៀនឡើង ដោយក្រុមពន្លត់អគ្គិភ័យប្រទេសថៃ ព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់អគ្គិភ័យ ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូលបានទស្សនាផងដែរ៕ធ.ដ