ផលិតផលចំណីអាហារក្នុងផ្សារចំនួន៥នៅខណ្ឌច្បារអំពៅ មន្ត្រីកាំកុងត្រូលរកមិនឃើញផលិតផលហួសកាលបរិច្ឆេទ ឬមានសារធាតុគីមីទេ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖  ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋ នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សាខាមន្ត្រីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នាំយករថយន្តពិសោធន៍ចល័តចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន៥ រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។

ក្នុងនោះដែរ មន្ត្រីជំនាញកាំកុងត្រូល បានយកគំរូផលិតផលចំនួន៩៣ នៃផលិផលចំណីអាហារមកធ្វើការវិភាគ រួមមាន៖ គ្រឿងសមុទ្រ បន្លែ ប្រហិត ខ្ទឹមជ្រក់ ស្ពៃជ្រក់ គល់ស្លឹកគ្រៃ ឆៃថាវ បន្លែផ្ទី ជ្រក់ត្រពាំង ដើមខាត់ណា ត្រសក់ជ្រក់ គឺរកមិនឃើញផលិតផលណាមួយមានសារធាតុគីមីហាមឃាត់ឡើយ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានអនុវត្តជាប្រចាំនៅតាមបណ្តាមូលដ្ឋាន ទទួលខុសត្រូវរបស់សាខាទូទាំងរាជធានី ខេត្ត-ក្រុង ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។

លោកបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការជួយបង្ការ ឲ្យចៀសផុតពីជំងឺដែលបណ្តាលមកពីការបរិភោគចំណីអាហារចម្លងមេរោគ និងមានលាយសារធាតុគីមីពុលនៅក្នុងនោះ។

ក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់អាជីវករ ឲ្យធ្វើការដាក់តាំងលក់ផលិតផលបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពឲ្យច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរសព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ មានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner